ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយធនាគារពិភពលោក លើរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយធនាគារពិភពលោក លើរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២៥


ភ្នំពេញ៖
នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបប្រជុំពិភាក្សាជាមួយធនាគារពិភពលោក លើរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរនូវការយល់ឃើញទៅវិញទៅមកលើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលរៀបចំដោយធនាគារពិភពលោក ព្រមទាំងពិភាក្សាលើការធ្វើបរិវត្តកម្មពាណិជ្ជកម្មសកលដែលជាមាតិកាដ៏សំខាន់មួយសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ 

កិច្ចប្រជុំនេះ មានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំនៃទីស្តីការ
គណៈរដ្ឋមន្ត្រី និងក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោកស្រី ថាញ៉ា មេយ័រ នាយកប្រចាំប្រទេសនៃធនាគារពិភពលោក (The World Bank) ប្រចាំកម្ពុជា លោក Marco Hernandez អ្នកចាត់ចែងកិច្ចការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Sebastien Dessus អ្នកចាត់ចែងកិច្ចការពាណិជ្ជកម្ម វិនិយោគ និងសមាហរណកម្មក្នុងតំបន់ នៃធនាគារពិភពលោក និងសេដ្ឋវិទូជាន់ខ្ពស់មួយចំនួនទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រីនាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងក្រុមការងារនៃធនាគារពិភពលោក និងបានគូសរំលេចពីសារសំខាន់នៃកិច្ចពិភាក្សានាពេលនេះ ស្ថិតក្នុងបរិការណ៍មួយដែលកម្ពុជាបាននិងកំពុងជួបប្រទះនូវបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង និងស្របពេលដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិករួចរាល់កាលពីខែតុលាកន្លងទៅនេះ។ 

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច និងជួបប្រទះនូវការប៉ះទង្គិចក្នុងវិស័យសន្តិសុខជាតិជាមួយប្រទេសជិតខាង ព្រមទាំងកំពុងហ៊ុមព័ទ្ធដោយឥទ្ធិពលនៃភាពផុយស្រួយ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចសកល។ ដូច្នេះ ចំពោះមុខ កម្ពុជាផ្តោតសំខាន់លើ ការការពារបូរណភាពទឹកដីនិងប្រជាជន និងការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចតាមរយៈការពង្រឹងការអនុវត្តគោលនយោបាយនិងការកែទម្រង់ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានបន្ថែមថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះការធ្វើពាណិជ្ជកម្មពិតជាបានដើរតួដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល ក៏ប៉ុន្តែកម្ពុជាក៏បាននិងកំពុង ម្ខាងព្យាយាមទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ ហើយម្ខាងទៀតក៏ត្រូវធ្វើពិពិធកម្មពាណិជ្ជកម្មផងដែរ។ 

លោកស្រី ថាញ៉ា មេយ័រ នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងបានបង្ហាញនូវការយល់ឃើញថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងជួបប្រទះនូវបញ្ហាប្រឈម និងការគំរាមកំហែងពីខាងក្រៅដែលពោរពេញដោយភាពផុយស្រួយ និងមិនច្បាស់លាស់ (Fragility and Uncertainty) ការបង្កើនល្បឿនបរិវត្តកម្មពាណិជ្ជកម្ម (Accelerated Trade Transformation) គឺពិតជាដើរតួយ៉ាងសំខាន់ក្នុងរក្សាបាននូវល្បឿននៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គាំទ្រដល់ដំណើរការរៀបចំចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការជ្រើសរើសមន្ត្រីជាន់ខ្ពស់ថ្មីពីររូបដែលមានសមត្ថភាពនិងបទពិសោធជាច្រើនឆ្នាំលើវិស័យពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយសេដ្ឋកិច្ច  ដើម្បីពិភាក្សា និងផ្តល់នូវមតិយោបល់ ពិសេសធាតុចូលបច្ចេកទេសដល់ក្រុមការងារទីស្តីការគណៈរដ្ឋមន្ត្រី។

ជំនាញការអន្តរជាតិធនាគារពិភពលោកបានបង្ហាញនូវការរំពឹងថា កម្ពុជានឹងសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៤,៨% ក្នុងឆ្នាំ២០២៥ និង ៤,៣% ក្នុងឆ្នាំ២០២៦។ ការសម្រេចបាននូវកំណើនថមថយនេះ គឺដោយសារតែកម្ពុជាបានជួបនូវការប៉ះទង្គិច (Shocks) ចំនួន ៣ ចម្បងគឺ (១). ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ, (២). ការអនុវត្តអត្រាពន្ធគយបដិការ (Reciprocal Tariff) របស់សហរដ្ឋអាម៉េរិកមកលើកម្ពុជា និង (៣). ផលប៉ះពាល់ពីការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ។ ក្នុងន័យនេះ សម្រាប់រយៈពេលចំពោះមុខ កម្ពុជាត្រូវជំរុញការអនុវត្តវិធានការអាទិភាពប្រកបដោយប្រសិទ្ធភាព រួមមាន៖ (១). ការជួយគាំទ្រដល់ពលករដែលវិលត្រឡប់កម្ពុជា តាមរយៈយន្តការផ្ទេរសាច់ប្រាក់ចំគោលដៅ (Targeted Cash Transfer) និងការផ្គូរផ្គងឱកាសការងារ (Job Matching), (២). ការពង្រីកវិសាលភាពនៃការផ្តល់កម្ចីក្នុងវិស័យដែលមានផលិតភាពសេដ្ឋកិច្ចខ្ពស់, (៣). ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និង (៤). ការបង្កើនប្រសិទ្ធភាពប្រព័ន្ធឡូជីស្ទីក និងការផ្គត់ផ្គង់អគ្គិសនី។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ធនាគារពិភពលោកបានគូសរំលេចពីភាព ចាំបាច់របស់កម្ពុជាក្នុងការបង្កើនល្បឿនបរិវត្តកម្មពាណិជ្ជកម្មរបស់ខ្លួន ក្នុងមាគ៌ាដ៏វែងឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់។ ផ្អែកលើស្ថានភាពនេះ កម្ពុជាត្រូវផ្តោតលើកិច្ចការកែទម្រង់ ៤ សំខាន់ គឺ (១). ពង្រីក ពង្រឹង និងទាញយកអត្ថប្រយោជន៍ពី preferential trade agreements, (២). ការកាត់បន្ថយថ្លៃដើមក្នុងការធ្វើពាណិជ្ជកម្ម, (៣). ការកាត់បន្ថយរបាំងពាណិជ្ជកម្ម (របាំងមិនមែនពន្ធគយ) និងការពង្រឹងការអនុវត្តច្បាប់ពាណិជ្ជកម្ម និង (៤). ការជំរុញការផ្សារភ្ជាប់ឧស្សាហកម្មក្នុងស្រុកជាមួយនឹងខ្សែច្រវាក់តម្លៃសកល (Global Value Chain)។ 

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានលើកឡើងថា កម្ពុជាបាននិងកំពុងប្រកាន់ភ្ជាប់នូវអភិក្រមគិតគូរជាសកល (Think Globally) ក៏ប៉ុន្តែកំពុងធ្វើសកម្មភាពផ្ទៃក្នុង (Act Locally) ជាពិសេស គឺការផ្តោតលើការកែទម្រង់ និងពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និងការប្រើប្រាស់អំណាចរដ្ឋឱ្យមានប្រសិទ្ធភាព។ ទោះជាយ៉ាងនេះក្តី កម្ពុជាក៏បានយល់ច្បាស់ពី កិច្ចការទាំងអស់នេះ នឹងត្រូវពឹងផ្អែកលើការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអនុវត្តការងារដូចជា ភាពជាអ្នកដឹកនាំ (Leadership) ប្រព័ន្ធការងារ (System) ធនធានសម្រាប់ការអនុវត្ត (Resource) និងការបង្កើនទំនាក់ទំនងល្អរវាងអ្នកដឹកនាំ អ្នកអនុវត្ត និងអ្នកទទួលផល (Communication)។

ជាចុងបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានថ្លែងអំណរគុណដល់ក្រុមការងារធនាគារពិភពលោក ដែលបានធ្វើបទបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងការធ្វើបរិវត្តកម្មពាណិជ្ជកម្មកម្ពុជាជូនដល់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ដែលសុទ្ធសឹងជាព័ត៌មាន បទពិសោធ និងឧត្ដមានុវត្ដដ៏មានសារសំខាន់សម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាពេលខាងមុខ ៕























Previous Post Next Post