ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ២.៩៤៧នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងមន្រ្តីសុខាភិបាលទាំងអស់បានសម្រួមគោរពវិញ្ញាណខន្ត័យុទ្ធជនដែលបានពិលីជីវិតក្នុងការប្រយុទ្ធការពារទឹកដីនាពេលកន្លងមក។ ជាបន្ត ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី បានបង្ហាញជូនពីយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមផ្តល់សេវាថែទាំនឹងព្យាបាលជូនយុទ្ធជននិង ប្រជាជនភៀសសឹក នៅក្នុងពេលដែលប្រទេសកំពុងមានការប្រយុទ្ធដើម្បីការពារទឹកដី។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំមន្ទីរពេទ្យនៅជួរទី១, ជួរទី២ និងជួរទី៣ និងមន្ទីរសម្ពន្ធ័ភាពអោយដឹងពីមុខងារនិងភារកិច្ចរៀងៗខ្លួន ហើយមន្ទីរពេទ្យទាំងអស់ត្រូវកាន់ដៃគ្នាអោយជាប់នៅក្នុងស្ថានភាពបន្ទាន់បែបនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអំពាវនាវ អោយមន្រ្តីសុខាភិបាលទាំងអស់ប្រែក្លាយការគោរពចំពោះការពលីជីវិតរបស់យុទ្ធជនអោយទៅជាការខិតខំប្រឹងប្រែងផ្តល់សេវាថែទាំសុខភាពជំនួសវិញ។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកអំណះអំណាងមួយចំនួនដែលទាក់ទងនឹងភាពជាអ្នកដឹកនាំមកចែករំលែកសម្រាប់ធ្វើការពិចារណា៖ (១). សូមកុំជឿថា មនុស្សម្នាក់ៗអាចក្លាយទៅជាអ្នកដឹកនាំ បើគ្រាន់តែគាត់ចង់ធ្វើ ដែលប្រយោគនេះចង់បង្ហាញថា ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អបាន បុគ្គលត្រូវប្រឹងប្រែងធ្វើការ ខិតខំពិចារណាអោយបានគ្រប់ជ្រុងជ្រោយ និង ធ្វើការសម្រេចចិត្តអោយបានជាប្រយោជន៍ដល់សង្គមអោយច្រើន និង(២). សូមកុំជឿថា គ្រប់អ្នកដែលទទួលបានការចាត់តាំងអោយមានមុខតំណែង សុទ្ធតែជាអ្នកដឹកនាំល្អ ដែលឃ្លានេះមានបំណងចង់អោយបុគ្គលក្នុងមុខតំណែងទាំងអស់ ឆ្លុះបញ្ចាំងខ្លួនឯងដើម្បីស្វែងរកចំនុចសម្រាប់កែលំអរ។
ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកព្រៃឈរនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមបានធ្វើការបង្ហាញពីការកាត់បន្ថយរយៈពេលរងចាំទទួលសេវាពិគ្រោះជំងឺក្រៅ។ជាចុងបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការកុយ វ៉ាន់នី បានគាំទ្រអោយមន្ទីរពេទ្យទាំងអស់ប្រកាន់យកការផ្តល់សេវាដែលមានលក្ខណៈ patient family centered care (យកជាជំងឺនិងគ្រួសាររបស់អ្នកជំងឺជាស្នូល) ដោយបន្តរស្វែងរកយន្តការជាក់ស្តែងដើម្បីកាត់បន្ថយពេលរងចាំរបស់អ្នកជំងឺពេលគាត់មកទទួលសេវា ហើយឯកឧត្តមសាស្រ្តាចារ្យក៍បានផងដែរ «គ្រូពេទ្យនិងអ្នកជំងឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ដោយគ្រូពេទ្យជាអ្នកប្រឹងប្រែងកាត់បន្ថយការឈឺចាប់របស់អ្នកជំងឺ ហើយអ្នកជំងឺជាអ្នកផ្តល់ជូន និងលើកតំកើងភាពថ្លៃថ្នូរខ្ពង់ខ្ពស់បស់គ្រូពេទ្យ» ៕
































