ពោធិ៍សាត់៖ កាលពីថ្ងៃសុក្រទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាកណ្តាលព្រំដែន ដែលកំពុងឈរជើងយ៉ាងស្វាហាប់បំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិទឹកដីនៅសមរភូមិមុខខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខលោក ញាន មានរឹទ្ធ មេបញ្ជាការរងវិរការពារព្រំដែនគោកលេខ៨២៥ ដែលត្រូវរបួសពេលប្រយុទ្ធជាមួយសត្រូវឈ្លានពាន (សៀម) កាលពីថ្ងៃទី១១ ខែធ្នូ នៅចំណុចប៉ុស្តិ៍អូរភ្លុកដំរី ដែលស្ថិតនៅឃុំប្រមោយ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពប្រមោយ ខេត្តពោធិ៍សាត់។
ក្នុងនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានឧបត្ថម្ភទូរសព្ទដៃថ្មី ១គ្រឿង ជំនួសទូរសព្ទចាស់ដែលបានខូចពេលប្រយុទ្ធជាមួយទ័ពខ្មាំង និងផ្តល់ថវិការលើកទឹកចិត្តចំនួន ១លានរៀលផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានពាំនាំពាក្យពេជ្រផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការភូមិភាគទី៣ ៤ និង៥ ជូនពរលោក ញាន មានរឹទ្ធ មេបញ្ជាការរងវិរៈការពារព្រំដែន៨២៥ ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ ជួបប្រទះនូវពុទ្ធពរគ្រប់ប្រការនិងជោគជ័យក្នុងកិច្ចការងារការពារជាតិមាតុភូមិ ៕





