កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារកងរាជអាវុធហត្ថ ទទួលនូវសម្ភារៈមួយចំនួន ពីសប្បុរសជន អគ្គនាយកក្រុមហ៊ុនចម្ការអំពៅ ទៀង ងីន ដែលបានឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ។ ដោយម្ចាស់ក្រុមហ៊ុនចម្ការអំពៅ ទៀង ងីន បានចាត់តំណាងឲ្យនាំយកនូវសម្ភារៈ មួយចំនួនមានដូចជា៖ ទឹកសុទ្ធកម្ពុជាចំនួន ១០០កេស និងទឹកក្រូចអាយចំនួន ១០០កេស ផងដែរ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែកដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀមនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ ខណៈដែលកងទ័ពកម្ពុជាយើងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងជូនដល់បងប្អូនវីរកងទ័ព និងជនភៀសសឹក។
ក្នុងពេលនោះដែរ ក្រុមការងារកងរាជអាវុធហត្ថ ជាតំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានពាំនាំនូវពាក្យថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអគ្គនាយកក្រុមហ៊ុនចម្ការអំពៅ ទៀង ងីន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕





