ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពី ការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពី ការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ


ភ្នំពេញ៖
ឯកឧត្តម តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីឃុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម តេង ស៊ីឃុន ក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ា តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការ ដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាន នូវដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ជាពិសេសចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ឯកឧត្តម ដើម្បីស្តារសន្តិភាពរវាងប្រទេសទាំងពីរ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់ខ្ជាបយ៉ាងពេញលេញ ចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ជានិច្ចផងដែរនូវគោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម តេង ស៊ីជុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្រប សម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តម តេង ស៊ីជុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយ គ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ ៕










Previous Post Next Post