ក្រចេះ៖ អនុវត្តតាមអនុសាន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រារព្ធពីធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ហង្ស ចាន់ឌី អភិបាលរង តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
ពិធីនេះការចូលរួមពី ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត លោកឧត្តមសេនីយិ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានពន្ធនាគារខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៤៨។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានឱ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥នេះ បទល្មើសមានការថយចុះជាងបណ្តាឆ្នាំមុនៗ ហើយរាល់បទល្មើសដែលកើតឡើង សមត្ថកិច្ចធ្វើការបង្ក្រាបបាន ៩៨%។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា ថ្វីត្បិតតែខេត្តក្រចេះ ពុំមានការផលិត និងពុំមានការកែច្នៃគ្រឿងញៀន ក៏ប៉ុន្តែខេត្ត នៅមានភាពប្រឈមចំពោះសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ សកម្មភាពចែកចាយតាមគ្រប់រូបភាព និងការ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន ដែលករណីនេះ យើងបាននឹងកំពុងធ្វើសកម្មភាពរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបដោយឈរលើមូលដ្ឋានច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ សមត្ថកិច្ចជំនាញរបស់យើងបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៤៣លើក លើ ១៦៣លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ ថយចុះចំនួន ២០លើក ស្មើ នឹង៥១% ឃាត់ខ្លួនបាន ២៣២នាក់ ស្រី ១០នាក់។
ក្នុងនាមស្នងការនគរបាលខេត្ត នៅតែបន្តកសាងផែនការ និងអនុវត្តយុទ្ធសាស្ត្រនានា ដែលរាជរដ្ឋាភិបាលដាក់ចេញ និងបានចាត់តាំងកម្លាំងនគរបាលពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង បង្ការ បង្ក្រាប ទប់ស្កាត់ បទល្មើសគ្រប់ភេទ និងបាតុភាពនានា ដែលអាចកើតឡើងជាយថាហេតុ ប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋទូទាំងខេត្ត។
លោក ហង្ស ចាន់ឌី អភិបាលរងខេត្ត បានថ្លែងកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពសង្គម ទើបបទល្មើសគ្រប់ប្រភេទមានការថយចុះគួរឲ្យកត់សម្គាល់។
លោកអភិបាលរងខេត្ត ក៏បានជម្រុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ, ត្រូវបន្តពង្រឹង ការផ្តល់សេវាសាធារណៈឲ្យបានល្អ ពិសេសការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតស្នាមផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកឡើងថា កន្លងមកស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ដែលអាចវាយតម្លៃបានថា សមិទ្ធផលទាំងអស់នេះ កើតចេញពីភាពសាមគ្គីផ្ទៃក្នុងអង្គភាពបានល្អ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងនគរបាលយើងត្រូវបន្តខិតខំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលបង្ករចលាចលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ឲ្យកាន់តែល្អប្រសើរថែមទៀត ៕





















