ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្មក្នុងវិស័យទេសចរណ៍» ជូនដល់សិក្ខាកាម ចំនួន ១១៥រូប ដែលក្នុងនោះមានការចូលរួមពីមន្ត្រីរាជការក្រសួងទេសចរណ៍នៅថ្នាក់ជាតិ មានចំនួន ៥៦រូប និង មន្ទីរទេសចរណ៍រាជធានី ខេត្តចំនួន៥៩រូប។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទឧទ្ទេសនាមពីវាគ្មិនកិត្តិយស ឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការ, សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌, ឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវពុទ្ធិថ្មីៗ និងបង្កើនសមត្ថភាពរបស់មន្ត្រីរាជការក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានីខេត្ត អំពីមូលដ្ឋានគ្រឹះក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងរក្សាបាននូវសុវត្ថិភាពគតិយុត្ត នៃលិខិតបទដ្ឋានគតិយុត្ត ទាំងទម្រង់ និងខ្លឹមសារ ដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ឬហៅកាត់ថា RIA នេះជាវិធីសាស្ត្រនៃដំណើរការជាប្រព័ន្ធ និងការវិភាគ បែបវិទ្យាសាស្ត្រពិត ដោយផ្អែកលើភស្ដុតាង ដែលរាជរដ្ឋាភិបាលប្រើប្រាស់ ដើម្បីវាយតម្លៃផលប៉ះពាល់ដែលអាចកើតចេញពី សេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឬគោលនយោបាយនានា ដែលត្រូវបានស្នើឡើង មុនពេលត្រូវបានអនុម័ត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា វិធីសាស្ត្រ RIA ត្រូវបានប្រើប្រាស់ដើម្បីកំណត់បញ្ហា, កំណត់គោលបំណងច្បាស់លាស់, ការស្នើជាជម្រើសបទប្បញ្ញតិ្ត និងមិនមែនបទប្បញ្ញតិ្ត ព្រមទាំងការវិភាគបន្ទុកចំណាយ, អត្ថប្រយោជន៍ និងហានិភ័យនៃជម្រើសនីមួយៗ ដែលបានលើកឡើងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនដែរថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សរបស់ក្រសួងទេសចរណ៍ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ឈានទៅសម្រេចឱ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យលោក លោកស្រីសិក្ខាកាមទាំងអស់ ត្រូវចែករំលែកបន្តនូវចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពនៅក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៕






















