ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣.១៤៣នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឺកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែល រួមមាន៖ (១). ធ្វើជាអ្នករំលឹកអោយមានសន្ទុះការងារជាប្រចាំ, (២). ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល និង (៣). ត្រូវមានទេពកោសល្យក្នុងការពន្យល់ភាគីពាក់ព័ន្ធ និងប្រជាជនអោយអោយបានយល់ពីការងារគ្រប់គ្រងសុខភាព។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់មួយបន្ថែមទៀត របស់អ្នកដឹកនាំវិស័យសុខាភិបាល ដែលអ្នកដឹកនាំគ្រប់រូបត្រូវនាំមកនូវរូបភាពល្អនៃភាពជាអ្នកដឹកនាំ គ្រប់ពេលវេលា (ទាំងអាកប្បកិរិយា សំដី និងខ្លឹមសារ) មកបង្ហាញជាសាធារណៈនៅក្នុងដំណើរនៃការដឹកនាំក្នុងគោលនយោបាយដែលត្រឹមត្រូវ។
អ្នកដឹកនាំគ្រប់រូបត្រូវព្យាយាមចូលរួមទាំងកំលាំងកាយនិងចិត្តនៅក្នុងគ្រប់បេសកម្មទាំងអស់របស់អង្គភាពរបស់ខ្លួន ហើយក៍ត្រូវបង្ហាញរូបភាពល្អនៃភាពជាអ្នកដឹកនាំនេះ ទាំងនៅក្នុងអង្គភាព ក្នុងវេទិការអន្តរអង្គភាព និងនៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឺក អ្នកដឹកនាំតាមឋានានុក្រមខិតខំ ដោះស្រាយបញ្ហានៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។
ជាកិច្ចបន្ត មានបទបង្ហាញចំនួន២ត្រូវបានរៀបចំ។ ក្រុមការងាររបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញពីសមិទ្ធិផលសុខាភិបាលក្នុងខេត្តបាត់ដំបង និងក្រុមការងារនៃមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងក៍បានបង្ហាញពី PDIA សម្រាប់ការបង្កើនសេវាពិគ្រោះជំងឺក្រៅរបស់មន្ទីរពេទ្យ។
ជាចុងបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៏បានផ្តល់នូវអនុសាសន៍ឱ្យអ្នកដឹកនាំទាំងអស់ ធ្វើជាគំរូល្អដល់បុគ្គលិករបស់ខ្លួន និងខិតខំជួយបុគ្គលិកធម្មតាម្នាក់ៗ ឱ្យប្រែក្លាយទៅជាបុគ្គលិកគន្លឺះ ក្នុងការជួយអភិវឌ្ឍអង្គភាពនាពេលបច្ចុប្បន្ន និងពេលអនាគត ៕





















