ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្ត ចូលរួមបរិច្ចាកសម្ភារផ្ទាល់ខ្លួន ដើម្បីរដ្ឋបាលខេត្តនាំយកសម្ភារ គ្រឿងឧបភោគ បរិភោកទាំងនេះ ទៅផ្តល់ជូនដល់វិរៈកងទ័ព និងជនភៀសសឹក ពីការឈ្លានពានរបស់ថៃផងដែរ។
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាឱកាសអញ្ជើញអធិបតីរួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អង្គភាពចំណុះសាលាខេត្ត និងអភិបាលក្រុង ស្រុក ទាំង៩ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់មន្រ្តីរាជការទាំងអស់ ត្រូវតាមដានព័ត៌មានជាប្រចាំអំពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា មិនត្រូវចែករំលែក ឬបង្ហោះរូបភាព វីដេអូ កងទ័ពចល័ត សព្វាវុធ ព្រោះវា អាចនឹងបង្ហាញអំពីទីតាំង និងងាយស្រួលឲ្យសត្រូវដឹងមុន។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា រដ្ឋបាលឯកភាពខេត្ត បានបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយចំនួន រួមមាន ក្មេងទំនើង គ្រឿងញៀន អំពើជួញដូរមនុស្ស អំពើចោរកម្មនានា ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ បង្កលក្ខណៈអំណោយផល នៃសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខដុម ជាមួយនឹងជីវភាពសមរម្យ ក្នុងដែនសមត្ថកិច្ចខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រុមប្រឹក្សាខេត្ត បានរៀបចំវេទិការសាធារណៈ បានដោះស្រាយ និងបំភ្លឺជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងក្រុងច្បារមន ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់គ្រាន់ ដោយឡែកតាមបណ្តាស្រុកផ្សេងៗ រដ្ឋបាលខេត្តត្រូវខិតខំធ្វើយ៉ាងណាដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ករណីវិវាទជម្លោះដីធ្លីជាច្រើនឆ្នាំ រដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងដោះស្រាយជូនឲ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការត្រូវចេញមតិរៀងៗខ្លួន នៅក្នុងបណ្តាញសង្គមព័ត៌មានដែលថៃកំពុងតែឈ្លានពានទឹកដីកម្ពុជា និងចែករំលែកឲ្យបានផុសផុល ហើយ រដ្ឋបាលខេត្ត ក៏បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋសប្បុរសជនក្នុងខេត្តកំពង់ស្ពឺ ចូលរួមបរិច្ចាកសម្ភារផ្ទាល់ខ្លួន ដើម្បីរដ្ឋបាលខេត្ត នឹងនាំយកសម្ភារ គ្រឿងឧបភោគ បរិភោកទាំងនេះទៅផ្តល់ជូនដល់វិរៈកងទ័ព ដែលកំពុងការពារទឹកដីកម្ពុជា និងជនភៀសសឹក ពីការឈ្លានពានរបស់ថៃផងដែរ ៕















