ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាជាអាទិភាពខ្ពស់ ដូចមានចែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ប្រទេសកម្ពុជាគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ ប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍។
ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី បានថ្លែងថា ក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅលុបបំបាត់ជំងឺអេដស៍ និងធ្វើឱ្យមាននិរន្តរភាព និងចីរភាពកម្មវិធីអេដស៍នៅកម្ពុជា គឺពិតជាមានការលំបាក និងស្មុគស្មាញមែន ប៉ុន្តែយើងអាចធ្វើបានតាមរយៈការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល និងការចូលរួមពីគ្រប់សមាសភាពសង្គមប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នា និងជម្នះឱ្យបាននូវរាល់ឧបសគ្គនានា ដែលអាចកើតមានឡើង ដូចជា កង្វះធនធាន ការរើសអើងមាក់ងាយ វិសមភាពនៃការផ្តល់និងទទួលសេវា គម្លាតរវាងការបង្ការ និងថែទាំព្យាបាលជាដើម។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានស្នើឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញប្រជាជនគន្លឹះ ក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់ បន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមឱ្យបានកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយហានិភ័យខាងលើឱ្យមានប្រសិទ្ធភាព និងទាន់ពេលក្នុងដំណើរការឆ្ពោះទៅបញ្ចប់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នាឆ្នាំ២០២៨។
ការបញ្ចប់បញ្ហាអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ គឺជាអាទិភាពមួយនៃការអភិវឌ្ឍមូលធនមនុស្សដែលបានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ កសាងសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានការវិវត្តន៍រីកចម្រើនឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសឱ្យក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០តាមរយៈរបាយការណ៍សង្ខេបរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅឆ្នាំ២០២៤ កម្ពុជាសម្រេចបាន៩២-១០០-៩៨ ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ ដែលកំណត់ដោយអង្គការសហប្រជាជាតិ UNAIDS នៅឆ្នាំ២០៣០។
ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មាន ១.២០០ករណី បានថយចុះពី ១៤.០០០ករណី នៅឆ្នាំ១៩៩៧។ ចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍មាន ១.០០០ករណី បានថយចុះពី ៤.៧០០ករណី នៅឆ្នាំ២០០៣។ អត្រាគ្របដណ្តប់កម្មវិធីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន (PMTCT) បានកើនពី ៩៣,២% នៅឆ្នាំ២០២៣ ទៅ ៩៧,២% នៅឆ្នាំ២០២៤។
អត្រាឆ្លងមេរោគអេដស៍ពីម្ដាយទៅកូនក៏បានធ្លាក់ចុះពី ៨,៤% ក្នុងឆ្នាំ២០២៣ មកនៅត្រឹមតែ ៦,៩% ក្នុងឆ្នាំ២០២៤។ នៅត្រីមាសទី៣ ឆ្នាំ២០២៥ មានអ្នកផ្ទុកមេរោគអេដស៍កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន ៧១.៧១៦នាក់ នៅតាមសេវាព្យាបាលជំងឺអេដស៍ចំនួន ៧៤កន្លែងទូទាំងប្រទេស។ ត្រីមាសទី៣ ឆ្នាំ២០២៥ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៣.៨២១នាក់ ស្មើនឹង ៧៥% នៃអ្នកផ្ទុកមេរោគអេដស៍ចំនួន ៧១.៧១៦នាក់ អ្នកដែលមកទទួលសេវាថែទាំព្យាបាលបានទទួលបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស.) នៅតាមមូលដ្ឋានសុខាភិបាលទូទាំង២៥ រាជធានី ខេត្ត។
សន្ទស្សន៍នៃការរើសអើង មាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍មានការថយចុះខ្លាំង គួរជាទីមោទនៈ។ទាំងនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ ដែលយើងសម្រេចបាននាពេលកន្លងមក ប៉ុន្តែស្ថានភាពនៃបញ្ហារាលដាលមេរោគអេដស៍/ជំងឺអេដស៍ ក៏នៅតែមានភាពផុយស្រួយនៅឡើយ។ ល្គឹកណាកម្ពុជាយើងមិនទាន់ឈានដល់ដំណាក់កាលនៃការបញ្ចប់អេដស៍ ដែលកំណត់ការឆ្លងថ្មីក្នុងរង្វង់ជាង២០០ករណីក្នុងមួយឆ្នាំ ការឆ្លងមេរោគអេដស៍អាចផ្ទុះឡើងវិញគ្រប់ពេលវេលា ព្រោះថាមេរោគអេដស៍អាចរីករាលដាលឡើងវិញ ដោយសារការសប្បាយភ្លើតភ្លើន និងដោយសារការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ដែលនាំទៅរកការត្រេកត្រអាលក្នុងការរួមភេទដោយធ្វេសប្រហែសជាក្រុម ឬជាមួយដៃគូអនាមិកដែលគេមិនធ្លាប់ស្គាល់ ឬជាមួយអ្នករកស៊ីផ្លូវភេទដែលពុំមានការយល់ដឹងអំពីវិធីបង្ការការពារទប់ស្កាត់មេរោគអេដស៍ ៕





















