ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងវិស័យអភិវឌ្ឍន៍ជនបទ វគ្គ៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងវិស័យអភិវឌ្ឍន៍ជនបទ វគ្គ៥


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងវិស័យអភិវឌ្ឍន៍ជនបទ វគ្គ៥ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលដោយបានបញ្ជាក់ជូនថា សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ នេះ ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ បទបង្ហាញទី១ ស្តីពី “ភាពជាអ្នកដឹកនាំ និងគោលនយោបាយជាតិអភិវឌ្ឍន៍ ជនបទ”, បទបង្ហាញទី២ ស្តីពី “ភាពជាអ្នកដឹកនាំ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” និងបទបង្ហាញទី៣ ស្តីពី “ភាពជាអ្នកដឹកនាំ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនិងការវិភាគមុខងារ”។ ជាលទ្ធផល សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងស៊ីជម្រៅអំពីគោលគំនិតស្នូលនៃគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យក្នុងបរិបទនៃការអភិវឌ្ឍជនបទ ដើម្បីតម្រង់ទិសឆ្ពោះទៅរកប្រសិទ្ធភាពការងារប្រចាំថ្ងៃកាន់តែប្រសើរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ប្រកបដោយការយកចិត្តទុកដាក់ ព្រមទាំង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ជាពិសេសបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានយកអស់ពីសមត្ថភាពក្នុងការធ្វើបទបង្ហាញ ចែករំលែក និងផ្សព្វផ្សាយយ៉ាងស៊ីជម្រៅដល់សិក្ខាកាមទាំងអស់ដោយជោគជ័យ។ 

ជាមួយគ្នានោះដើម្បីសម្រេចបាននូវជោគជ័យក្នុងការអនុវត្តនូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសការងារជូនដល់សិក្ខាកាមដូចខាងក្រោម៖

-សូមថ្នាក់ដឹកនាំគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ យកគោលនយោបាយនេះជាត្រីវិស័យ ឬជាផែនទីបង្ហាញផ្លូវ ក្នុងការរៀបចំផែនការវិនិយោគសាធារណៈរយៈពេលខ្លី និងមធ្យម។

-សូមថ្នាក់ដឹកនាំគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវខិតខំសម្របសម្រួល កៀរគរធនធាន និងសហការជាមួយគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការ និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមជាសហថាមវន្ដក្រោមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអភិវឌ្ឍជនបទកម្ពុជាឱ្យកាន់តែរីកចម្រើន។

-សូមថ្នាក់ដឹកនាំ គណៈកម្មការចំពោះកិច្ច ព្រមទាំងគ្រូបង្គោល យកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដឹកនាំផ្សព្វផ្សាយបន្ដ និងបណ្ដុះបណ្ដាលបន្ដ ពីគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដល់មន្ដ្រីរាជការទាំងអស់ ទាំងនៅតាមនាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត។

-គណៈកម្មការចំពោះកិច្ចដឹកនាំសម្របសម្រួល ផ្សព្វផ្សាយឱ្យបានទូលាយនូវគោលនយោបាយជាតិនេះ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិនេះឱ្យបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

-សូមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ប្ដេជ្ញាចូលរួមអនុវត្តអភិក្រមកំណែទម្រង់ជោគជ័យ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣. ត្រូវមានការចូលរួមដោយភាពស្មោះត្រង់ និងទី៤. ត្រូវមានការលះបង់។ 

តាងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រោមម្លប់សន្ដិភាព និងផ្អែកលើសមិទ្ធដែលមានស្រាប់ នៃយុគសម័យតេជោ-ធិបតី និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តខិតខំបន្ដកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ជាពិសេសប្ដេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យក្នុងការកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព ដើម្បីធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ ដែលជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាកិច្ចបញ្ចប់នៃអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសចែកលិខិតថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេស ក៏ដូចជាវិញ្ញាបនបត្របញ្ជាក់កាសិក្សា ជូនសិក្ខាកាមផងដែរ ៕


























Previous Post Next Post