រដ្ឋមន្រ្តី ហួត ហាក់៖ ការដាក់ចេញយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” គឺបង្កើតបាននូវកាលានុវត្តភាពសម្រាប់ប្រជាជនទូទាំងប្រទេស ចូលរួមក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តី ហួត ហាក់៖ ការដាក់ចេញយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” គឺបង្កើតបាននូវកាលានុវត្តភាពសម្រាប់ប្រជាជនទូទាំងប្រទេស ចូលរួមក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម


ភ្នំពេញ៖
នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលសមិទ្ធផលសម្រេចបានគួរជាទីមោទនៈតាមរយៈការដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៥នេះ ពិតជាបានឆ្លុះបញ្ចាំងអំពីភាពអន្តរសកម្មរវាងក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ឋ ផ្នែកឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ 

ពិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ទទួលបន្ទុកវិស័យទេសចរណ៍, លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត, ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រីតំណាងវិស័យឯកជន សមាគមក្នុងឧស្សាហកម្មទេសចរណ៍, តំណាងគ្រឹះស្ថានសិក្សា, លោក លោកស្រី ពិធីករ ពិធីការិនី, ប្អូនៗអ្នកផលិតមាតិកាព័ត៌មាន (Influencer) សរុបប្រមាណ ៣០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយយុទ្ធជនពលី របួស ពិការ និងជនភៀសសឹកដែលបានទទួលមរណភាពក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ និងបានថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា តាងនាមមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា សូមបេ្តជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីខ្មែរតែមួយ សូមគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ជម្រាបជូនអង្គសិក្ខាសាលាថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗចំនួន ៣៖ គឺ ទី១). ការបង្កើនភាពទាក់ទាញទេសចរអន្តរជាតិ, ទី២). ជំរុញចលនាទេសចរក្នុងស្រុក និងទី៣). ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាល បៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។ 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា យោងការអនុវត្តសាកល្បងយុទ្ធនាការរដូវកាលបៃតង នៅឆ្នាំ២០២៥ និងតាមរយៈរបាយការណ៍របស់លេខាធិការដ្ឋាន កម្ពុជាទទួលបានកំណើនទេសចរជាតិគួរឱ្យកត់សម្គាល់ សម្រាប់រយៈពេល ៦ខែ ពីខែឧសភា ដល់ខែតុលា ដោយទេសចរជាតិបានធ្វើដំណើរកម្សាន្តរហូតដល់ ៩លាន ៤៦ម៉ឺននាក់ កើនឡើងប្រមាណ ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ 

ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបថា ការផ្លាស់ប្តូរតែឈ្មោះរដូវកាល ពិតជាពុំធ្វើឱ្យរដូវកាលបៃតង ទទួលបាននូវលទ្ធផលប្រកបដោយភាពវិជ្ជមាននោះទេ ប្រសិនបើមិនមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់, ការចាត់តាំងការអនុវត្តឱ្យបានត្រឹមត្រូវ, ព្រមទាំងមានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ (M&E) ដូចដែលយើងបានរៀបចំសិក្ខាសាលានៅថ្ងៃនេះ។ ម៉្យាងទៀត, សមិទ្ធផលដែលសម្រេចបានកន្លងមក ពិតជាបានឆ្លុះបញ្ចាំងអំពីភាពអន្តរសកម្មរវាងក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ឋ ផ្នែកឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជានិច្ចកាលបានចូលរួមគាំទ្រសហការជាមួយក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបង្កើតបាននូវកាលានុវត្តភាពសម្រាប់ប្រជាជនទូទាំងប្រទេស ចូលរួមក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សម្បូរបែប ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម តាមរយៈកិច្ចសហការស្អិតរមួត ស៊ីជម្រៅ និងប្រទាក់ក្រឡា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ៕


























Previous Post Next Post