បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំដែលចុះបំពេញបេសកកម្ម ឬឆ្លងកាត់ភូមិសាស្ត្រខេត្ត ដល់កងកម្លាំងនគបាលក្រោមឱវាទ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ, ពង្រឹងការចុះត្រួតពិនិត្យរដ្ឋបាលពេលរាត្រីតាមដងផ្លូវ និងភូមិសាស្រ្តដែលងាយកើតមានបទល្មើស, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលបង្ករចលាចលប៉ះពាល់ដល់សន្តិសុខជាតិ, បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានផុលផុសនៅ តាមមូលដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ យកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ ដើម្បីឲ្យការងារ ចាត់តាំង អនុវត្តន៍ ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ៕









