កណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ត្រី ណាត់ ស៊ីជីង អត្តលេខ ២៤២១៨២ បម្រើនៅវរសេនាតូចថ្មើជើងលេខ៣១២ កងពលតូចលេខ៣១ យោធភូមិភាគលេខ៣ ដែលបានពលីនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ នៅ ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ត្រូវនឹង ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៣:៥០នាទីរសៀល ក្នុងជុន្មាយុ ៣៧ឆ្នាំ។
ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ។ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់នូវសាច់ញាតិ ដែលជាវីរកងទ័ពក្លាហាន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក លោកអនុសេនីយ៍ត្រី ណាត់ ស៊ីជីង ធ្លាប់មាន គុណូបការៈខ្ពស់ចំពោះក្រុមគ្រួសារ ញាតិមិត្ត និងបងប្អូនទាំងអស់ ហើយនេះគឺជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏អង់អាចក្លាហានមួយរូប ដែលតែងតែលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាឈាមស្រស់ សាច់ស្រស់ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង ៕



















