ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំក្រុមការទទួលជនភៀសសឹក ធានាឲ្យបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅតាមទីតាំងសុវត្ថិភាព បំពេញតាមតម្រូវការផ្សេងៗ សម្រាប់ប្រជាពលរដ្ឋ ជាជនភៀសសឹកស្នាក់នៅ។
ការណែនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
បើតាម លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា សរុបមានប្រមាណ ៣.៧៣៦នាក់ ស្មើរនឹង ៩០០គ្រួសារ។
ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ខូយ រីដា ជាអភិបាលខេត្ត អាជ្ញាធរខេត្តពោធិ៍សាត់ និងអាជ្ញាធរស្រុកវាលវែង បានរៀបចំទីតាំងមានសុវត្ថិភាពចំនួន២កន្លែង និងបានជួយអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង មកកាន់ទីតាំងមានសុវត្ថិភាព ដោយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព សរុបមានចំនួន ១៧៧៩នាក់ ក្នុងនោះមនុស្ស្រីមានចំនួន ៩៣១នាក់ សិស្សានុសិស្សចំនួន ៣៨៩នាក់ ស្រ្តីមានផ្ទៃពោះចំនួន ៩នាក់ និងមនុស្សអាយុក្រោម១៥ឆ្នាំមាន ៦០៤នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកថា ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា គោរពជានិច្ចនូវកិច្ចព្រមព្រៀងសន្តិភាព កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ តែបើមានការរំលោភឈ្លានពាន ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖ ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នេះបើតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយ សម្តេច សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ ៕














