ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចុះហត្ថលេខាលើកកិច្ចព្រមព្រៀង វិនិយោគទុកធនធានរ៉ែ ចំនួន ០២កន្លែងបន្ថែមទៀត ជាមួយក្រុមហ៊ុន Renaissance នៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ដែលគម្រោងទាំងពីរនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១,៥០០លានដុល្លារអាមេរិក នៅក្នុងរយៈពេលនៃអាជីវកម្មរ៉ែទាំងមូល។
តាមយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា អនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទាក់ទាញវិនិយោគិនបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន និងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគ, រាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រដោយអនុញ្ញាតឱ្យ ក្រសួងរ៉ែ និងថាមពល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានៃរ៉ែ ចំនួន០២ បន្ថែមទៀតជាមួយក្រុមហ៊ុន Renaissance នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរួមមាន៖ (១). កិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោង អណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ១០តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ចំនួនប្រមាណ ៣៤តោន។ គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១,០០០លានដុល្លារអាមេរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និង (២). កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោនក្នុងអាយុកាល៧ឆ្នាំនៃអណ្ដូងរ៉ែបើក។ គម្រោងបន្ថែមនេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣លានដុល្លារ ដែលរួមមានសួយសារ សារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០កន្លែង។
សូមជំរាបថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពលចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ហើយគម្រោងនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាសចាប់ ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ២៧,៣លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥នាក់។
ក្រៅពីនេះក្រុមហ៊ុនបានចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិសម្រាប់អភិវឌ្ឍសហគមន៍មូលដ្ឋានចំនួន ៥០,០០០ដុល្លារអាមេរិក/ឆ្នាំ និងចូលរួមសកម្មភាពសង្គមផ្សេងៗដូចជា ការដាំកូនឈើជាង ១០ម៉ឺនដើមនៅតំបន់គោលដៅទេសចរណ៍ចម្បង ស្ថិតនៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជីកអណ្តូងទឹកជូនដល់សហគមន៍មូលដ្ឋាន ឧបត្ថម្ភសម្ភារៈសិក្សាផ្សេងៗនៅតាមសាលារៀននានា ផ្ដល់ពូជឈើសម្រាប់ បណ្តុះនៅសាលារៀនរួចទិញត្រឡប់មកវិញដើម្បីដាំស្តារការដ្ឋានរ៉ែ ។ល៕




