គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (CCC) និងគណៈកម្មាធិការប្រកួតប្រជែងហុងកុង (HKCC) ចុះ MoU លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (CCC) និងគណៈកម្មាធិការប្រកួតប្រជែងហុងកុង (HKCC) ចុះ MoU លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) និងលោក Samuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKCC) នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង គ.ប.ក. និង HKCC លើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង។

អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺជាការបង្កើតក្របខ័ណ្ឌផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការទាំងពីរ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន កិច្ចសហការលើការងារបច្ចេកទេស និងការកសាងសមត្ថភាពមន្ត្រី ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពនៅក្នុងដែនសមត្ថកិច្ចនៃភាគីទាំងពីរ។

ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការការចែករំលែកចំណេះដឹង និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមស្ថាប័នប្រកួតប្រជែង ក្នុងនោះផងដែរ អនុស្សរណៈនៃការយោគយល់គ្នានេះ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និងស្របតាមឧត្តមានុវត្តល្អៗរបស់អន្តរជាតិ។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ពុំមានអាជ្ញាធរឬស្ថាប័នប្រកួតប្រជែងណា ដែលអាចសម្រេចបានជោគជ័យបាន ដោយពុំមានកិច្ចសហការរវាងគ្នានឹងគ្នាឡើយ។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ភាពជាដៃគូសហការនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តច្បាប់ និងជួយឱ្យស្ថាប័នទាំងពីរជៀសវាងពីសកម្មភាពត្រួតស៊ីគ្នាក្នុងករណីបទល្មើសឆ្លងដែន។ 

លោកជំទាវរដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ការប្រកួតប្រជែងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការជំរុញការច្នៃប្រឌិត ប្រសិទ្ធភាព និងសុខុមាលភាពសម្រាប់អ្នកប្រើប្រាស់។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានសន្និដ្ឋានដោយទំនុកចិត្តថា កិច្ចសហការនេះ នឹងដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងហុងកុង ជំរុញការប្រកួតប្រជែងដោយយុត្តិធម៌និងស្មើរភាព និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលកាន់តែទូលំទូលាយ ក្នុងការលើកកម្ពស់ទីផ្សារសេរី និងមានតម្លាភាព ៕
























Previous Post Next Post