ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ពិធីការ និងបដិសណ្ឋារកិច្ច” និង "ការប្រើប្រាស់ប្រព័ន្ធធនធានមនុស្ស និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន" ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តិទៅដោយផ្ទាល់នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ឱ្យដឹងថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលខាងលើនេះ គឺដើម្បីបង្កើនចំណេះដឹង ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ថ្នាក់ជាតិ និងអន្តរជាតិ ការរៀបចំកិច្ចប្រជុំ ការរៀបចំសិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាជំនាញបច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធធនធានមនុស្ស និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះមួយដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ទាំងនៅស្នាក់ការកណ្ដាល និងសាខា ប.ស.ស. ខេត្ត-ខណ្ឌ ក្នុងយុគសម័យឌីជីថល ដើម្បីរៀបចំឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ប្រកបដោយកេរ្តិ៍ឈ្មោះ និងកិត្តិយសជូនអង្គភាពរបស់ខ្លួន។
ឯកឧត្តមបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ដែលបានចូលរួម នឹងចូលរួមយ៉ាងសកម្មក្នុងការត្រង់ត្រាប់ស្តាប់ និងសួរសំណួរឱ្យបានផុសផុល ទៅកាន់លោកគ្រូឧទ្ទេស ដើម្បីឱ្យគ្រូឧទ្ទេសធ្វើការបកស្រាយ និងពន្យល់ឱ្យបានកាន់តែយល់ច្បាស់ជូន និងត្រូវយកចំណេះ ជំនាញ និងបទពិសោធន៍នេះ ទៅប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបដិសណ្ឋារកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅចំនួន ៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕













