បន្ទាយមានជ័យ៖ ក្នុងស្ថានភាពដ៏លំបាករបស់ប្រជាពលរដ្ឋ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានភៀសខ្លួនពីតំបន់ដែលរងការបាញ់ប្រហារ ក្នុងនាមអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. ដែលមានភារកិច្ចបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) បានអញ្ជើញដឹកនាំក្រុមការងារ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. ចុះសួរសុខទុក្ខ និងនាំយកអំណោយចំនួន ២៥០កញ្ចប់ ជាសម្ភារៈប្រើប្រាស់ ចែកជូនបងប្អូនជនភៀសសឹកចំនួន ២៥០គ្រួសារ ជាពិសេសស្រ្តី ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅវត្តចានស៊ី ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ, ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង ក៏បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ ចែកជូនក្រុមគ្រួសារ ប្រជាជនដែលរងគ្រោះនៅភូមិព្រៃចាន់ ចំនួន ៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិកា ១លាន ៥សែនរៀល និងប្រគេនព្រះសង្ឃ ១លានរៀល សរុបសុបថវិកាចំនួន ១០លានរៀល។
ជាមួយគ្នានោះដែរ អង្គការការីតាសកម្ពុជា បាននាំយកអំណោយជាតង់ទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ, ៣ម៉ែត្រ x ៣ម៉ែត្រ ប្រមាណ ៤០តង់ ម៉ាស៊ីនចម្រោះទឹក, អំពូលភ្លើងសូឡា, ធិងទឹក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់បម្រើឲ្យកាអប់រំកុមារតូច ក្លឹបយុវវ័យ កន្លែងព្យាបាលបញ្ហាផ្លូវចិត្ត (trauma care) ជាដើម ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. នឹងពិភាក្សា បញ្ជ្រាបការអប់រំស្តីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សថែមទៀត។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំងជូនបងប្អូនជនភៀសសឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលផងដែរ។ និងឱ្យប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព មេត្តាអត់ធ្មត់ និងស្ដាប់នូវការណែនាំរបស់អាជ្ញាធរ និងជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ នឹងវិលត្រឡប់ទៅរកសភាពដើមវិញ។
លោកជំទាវក៏បានលើកឡើងពីសភាពការណ៍ព្រំដែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដែលយោធាសៀម បានបើកការបាញ់ប្រហារបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់បានពលីជីវិត និង ៣នាក់ទៀតរងរបួស។
លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ពីគោលជំហររបស់ប្រមុខរាជរដ្ឋាភិបាល ដោយកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ ៕














