ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយាល់ គ្រុប និងលោកជំទាវ មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រាវីនយ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការចូលរួមក្នុងបរិវត្តកម្មឌីជីថលនៃក្រសួងទេសចរណ៍ ដោយមានឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងលោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន សែលកាត តំណាងក្រុមហ៊ុន ខេមជី អេស អេម “CAMG SM” (Cellcard) និងលោកស្រី មាស សុភារម្យ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រាវីនយ៉ា តំណាងក្រុមហ៊ុនប្រាវីនយ៉ា ជាអ្នកហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ។
ពិធីដ៏មានសារៈសំខាន់នារសៀលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងក្រុមហ៊ុន ខេមជី អេស អេម (CAMG SM) និងក្រុមហ៊ុន ប្រាវីនយ៉ា ប្រមាណ ២០០នាក់។
ក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ, ក្រសួងទេសចរណ៍ បានសហការ ជាមួយក្រុមហ៊ុន PRAVINYA ដើម្បីបង្កើតនូវគេហទំព័រ ដែលមានឈ្មោះថា Visit Cambodia និងកម្មវិធី Visit Cambodia APP (Super APP) ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ ជាក់ស្តែងតាមរយៈ កម្មវិធី Super App របស់ក្រុមហ៊ុន PRAVINYA និងរួមជាមួយកិច្ចសហការជាមួយក្រុមហ៊ុន CELLCARD នឹងបន្ថែមមុខងារដល់ Super APP ក្នុងការផ្ដល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍បន្ថែមទៀតជូនដល់ភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណង ធ្វើដំណើរកម្សាន្ត មកព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការគាំទ្រឧបត្ថម្ភ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ ពិធីបុណ្យ និងកម្មវិធីនានារបស់ក្រសួងទេសចរណ៍ ដែលជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រមទាំងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ លោកជំទាវ មាស សុភារ័ត្ន និងក្រុមហ៊ុនប្រាវីនយ៉ា ដែលបានចូលរួមជាមួយក្រសួងទេសចរណ៍នៅក្នុងការអភិវឌ្ឍទេសចរណ៍ឌីជីថលនៅក្នុងបរិបទបរិវត្តកម្មឌីជីថលដ៏មានសារៈសំខាន់ នាពេលនេះ ៕




























