ក្រចេះ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំ លោកស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ឋ និងលោកអធិការនគរបាលក្រុង-ស្រុក ប្រជុំដឹកនាំពង្រឹងកិច្ចការងារជំនាញ៕
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានដាក់ចេញនូវផែនការការងារដល់ផែនជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងលើការងារជំនាញរបស់ខ្លួនឲ្យបានល្អ និងប្រកបដោយប្រសិទ្ធភាព ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង, បន្តគ្រប់គ្រង មុខសញ្ញា ចាស់ ថ្មី និងមុខសញ្ញាសេសសល់, បង្រ្កាបរាល់មុខសញ្ញាតវ៉ាប្រឆាំងខុសច្បាប់គ្រប់ប្រភេទ, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងបទល្មើសបច្ចេកវិទ្យា ដែលមានលក្ខណ:ញុះញុងនាំឲ្យមានអសន្តិសុខសង្គម។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់កម្លាំងជំនាញទាំងអស់ពង្រឹងការងារយាមល្បាត កម្លាំងវេនប្រចាំការ កម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោង សម្រាប់ត្រួតពិនិត្យសភាពការណ៍ បង្រ្កាបបទល្មើស គ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ ៕













