ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីជំនាញ ប.ស.ស. តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងសហជីព តំណាងកម្មករនិយោជិត តំណាងសហភាពការងារកម្ពុជា តំណាងសមាជិក SP4ALL និងតំណាងស្ថាប័នជាតិ អន្តរជាតិ សរុបចំនួន២៥០រូប បានចូលរួមវេទិកាថ្នាក់ជាតិស្តីពី "គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងឱកាសបើកវេទិកាថ្នាក់ជាតិនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការអុកស្វាម (OXFAM) ដែលបានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូក្នុងការអនុវត្តគម្រោងគាំពារសង្គមជាច្រើនកន្លងមក ដើម្បីរួមចំណែកក្នុងការពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា វេទិកានេះនឹងផ្តល់នូវធាតុចូល និងវិធីសាស្ត្រសំខាន់ៗ
ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានផ្តល់កិត្តិយសអញ្ជើញប្រគល់ពានរង្វាន់ជ័យលាភី នៃកម្មវិធីប្រកួតវីដេអូពានរង្វាន់ជើងឯក ប.ស.ស. ក្រោមប្រធានបទស្តីពី “របបសន្តិសុខសង្គមការពារសិទ្ធិ និងសុវត្ថិភាពរបស់អ្នក” ដល់បេក្ខជនដែលបានចូលរួមប្រកួតប្រជែងមានចំនួន៨ ក្រុមដោយក្នុងនោះមាន៣ក្រុមដែលបានជ្រើសរើសជាជ័យលាភីពីលេខ១ ដល់លេខ៣។
ជាមួយគ្នានោះដែរ លោក ងួន ហឿន អនុប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. ក៏បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដោយរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងអញ្ជើញជាវាគ្មិនកិត្តិយស ដើម្បីឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងស្ថានភាពរបបសន្តិសុខសង្គមនៅប្រទេសកម្ពុជា ព្រមទាំងការផ្តល់សេវាជូនសមាជិករបស់ខ្លួននាពេលបច្ចុប្បន្ន ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ៕



























