ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៩រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននិងធ្វើការបោះពុម្ពលើកទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។
បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងចដោយល្អិតល្អន់ រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ ដែលបានខិតខំរៀបចំឯកសារដ៏មានសារសំខាន់នេះ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងដាក់ចេញនូវសៀវភៅណែនាំស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” បោះពុម្ពលើកទី១ ដែលមានគោលបំណងតម្រង់ទិសដល់ការអភិវឌ្ឍភូមិគំរូឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយនានា និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ ភ) ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យ នូវការអភិវឌ្ឍចម្រុះនិងការអនុវត្ត “ចលនាភូមិគំរូ” ដូចមានក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕














