ភ្នំពេញ៖ ដើមី្បបញ្ចប់បញ្ហាការប្រទាញប្រទង់ក្នុងការគ្រប់គ្រងរដ្ឋបាលរវាងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តទាំងពីរ បានរៀបចំក្នុងកិច្ចប្រជុំពិភាក្សា អំពីការកំណត់ព្រំប្រទល់រវាងស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ស្រុកភ្នំស្រុក នៃខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត អភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឈានដល់ការឯកភាពរួម និងកំណត់ខ្សែបន្ទាត់ព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរឱ្យបានច្បាស់លាស់ និងសុក្រឹត ដែលធ្លាប់មានភាពមិនច្បាស់លាស់ ឬត្រួតស៊ីគ្នានៅត្រង់ចំណុចប្រសព្វនៃស្រុកទាំងបី ជាពិសេសធានាថាប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំប្រទល់ អាចទទួលបានសេវាសាធារណៈ (រដ្ឋបាល សុវត្ថិភាព ការអភិវឌ្ឍ) ដោយច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅយ៉ាងពិតប្រាកដ ៕



























