ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា២០រូប។
ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងឡើងថា ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការងារយ៉ាងសកម្ម និងមានប្រសិទ្ធភាពដោយតាមគោលការច្បាប់ ច្បាស់លាស់ និងពេញចិត្ត ក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជន និងសមាជិក ប.ស.ស. បានទាន់ពេលវេលា។
ទន្ទឹមនឹងការកើនឡើងនៃចំនួនការហៅទូរសព្ទចូលពីសាធារណជន និងសមាជិក ប.ស.ស. ក្រុមការងារបានអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូនប្រជាពលរដ្ឋ និងសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រី បុគ្គលិក នៃក្រុមការងារទាំងអស់ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយធ្វើយ៉ាងណាបម្រើសេវាសាធារណជន និងសមាជិក ប.ស.ស. ឱ្យបានរហ័សច្បាស់លាស់ និងពេញចិត្តជានិច្ច ៕


















