កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសនិងយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ស្វាយ ហ៊ិន មេបញ្ញាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដែលកំពុងតែសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅគេហដ្ឋាន ស្ថិតនៅភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយក្រុមការងារ បានសំណោះសំណាលជាមួយលោកអនុសេនីយ៍ឯក ស្វាយ ហ៊ិន រួមនិងក្រុមគ្រួសាររបស់គាត់ ហើយក៏បានជូនពរឲ្យគាត់បានឆាប់ជាសះស្បើយផងដែរ ជាទឹកចិត្តរបស់ លោកមេបញ្ជាការ នាំយកថវិកាចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) និងសម្ភារគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ក ២បាវ, មី ២កេស, ទឹកសុទ្ធ ២កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងត្រីខផងដែរ ៕















