កំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជន និងយុទ្ធមិត្ត ធ្លាប់រួមអាវុធក្នងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធសពលោកពលបាលឯក គង់ រ៉េន អាយុ ៦២ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅពេលថ្មីៗនេះ។ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកអនុសេនីយ៍ទោ នួន សុីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់គណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកពលបាលឯក គង់ រ៉េន ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៨៦ នៅអង្គភាពកងវរសេនាតូចលេខ៥៥ យោធាខេត្តកំពង់ធំ ហើយបានត្រូវរបួសក្នុងសមរភូមិប្រយុទ្ធនៅតំបន់អូរពោធិ៍ ខេត្តព្រះវិហារ ក្នុងភារកិច្ចការពារផ្លូវជាតិលេខ១២ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩១។ គាត់មានភរិយា និងកូននៅក្នុងបន្ទុកចំនួន ៥នាក់ ហើយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់មួយហិកតាកន្លះ និងផ្ទះមួយខ្នង ដើម្បីរស់នៅកសាងជីវភាពថ្មី។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកពលបាលឯក គង់ រ៉េន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី អ៊ុត សុី ដែលត្រូវជាភរិយា និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា៖ អតីតយុទ្ធជន ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ មានចំនួន ២០៦គ្រួសារ មានរយៈពេលជិត ៥ឆ្នាំកន្លងមកហើយ។ ហើយបងប្អូនអតីតយុទ្ធជនយើង ដោយសារមានជំងឺប្រចាំកាយ និងរបួសសើរើ បានទទួលមរណភាពអស់ចំនួន ១៧នាក់ រួចមកហើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ជុំ វីរៈ ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសព និងចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ ៕













