ទេសរដ្ឋមន្រ្តី គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយគិតគូរពីសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយគិតគូរពីសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន


ព្រះវិហារ៖
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាជិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោ សួស ចាន់ដារ៉ា ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង-ស្រុក, ចៅសង្កាត់-មេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនជាង ៣០០នាក់។

បន្ទាប់ពី ឯកឧត្តមអភិបាលខេត្ត ប្រកាសប្តេជ្ញាចិត្ត, ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមបណ្តារាជធានី-ខេត្ត, ក្រុង- ស្រុក និងសាខាសមាគមឃុំ-សង្កាត់ ដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកចិត្តជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាមមានប្រសាសន៍កោតសរសើរចំពោះគណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ដែលតែងតែអនុវត្តតួនាទីក្នុងការសម្របសម្រួល ដើម្បីរៀបចំឱ្យអតីតយុទ្ធជនជួបការលំបាក ទទួលបានគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍រម្លឹកថា គោលបំណងចំបងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់គណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំសមាគម សំដៅធ្វើយ៉ាងណាឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ទទួលបានការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល ៕





















Previous Post Next Post