ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អមដំណើរដោយគណៈកម្មាធិការគណបក្សឃុំឈូកស និងឃុំច្រេស ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការងារនៃការសាងសង់សាលប្រជុំនៅស្នាក់ការគណបក្សឃុំឈូកស និងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ឃើញថា ការរៀបចំសាងសង់សាលប្រជុំនេះឡើង ពិតជាមានការចូលរួមយ៉ាងផុសផុលពីក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាឃុំនីមួយៗ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ការផ្តួចផ្តើមរៀបចំកសាងសាលប្រជុំនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារតាមបណ្ដាឃុំទាំងអស់ អាចជួបប្រជុំជីវភាពប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ដែលអាចអញ្ជើញសមាជិកឱ្យចូលរួមបានច្រើន ដែលអាចឱ្យការងារគណបក្សនៅតាមមូលដ្ឋានកាន់តែរឹងមាំ អាចទទួលបានព័ត៌មានពីគ្រប់មជ្ឈដ្ឋាននៅថ្នាក់មូលដ្ឋាន ជាពិសេសអាចដោះស្រាយនូវរាល់បញ្ហារបស់សមាជិក និងប្រជាពលរដ្ឋទូទៅ បានឆាប់រហ័ស។
ឯកឧត្ដមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងសមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមចំណែកជាសម្ភារៈ ថវិកា និងកម្លាំងស្មារតី ក្នុងកិច្ចការងារការសាងសង់សាលប្រជុំនេះ។
ឯកឧត្តមបណ្ឌិត ក៏បានចូលរួមថវិកាដល់ការងារសាងសង់សាលប្រជុំរបស់ស្នាក់ការគណបក្សឃុំឈូកស ចំនួន ៥,០០០,០០០រៀល និងសាលប្រជុំស្នាក់ការគណបក្សឃុំច្រេសចំនួន ៥,០០០,០០០រៀលផងដែរ ៕














