ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរចំពោះ លោក Enrico Gaveglia ដែលទើបទទួលបានតែងតាំងជាអ្នកតំណាងថ្មីនៃUNDP ប្រចាំកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ UNDP ដែលកន្លងមកបានដើរតួនាទីដ៏សំខាន់នៅកម្ពុជា ចាប់តាំងពីដំណាក់កាលការស្តារ និងការកសាងកម្ពុជាឡើងវិញនៅដើមទសវត្សទី៩០ រហូតដល់ដំណាក់កាលនៃការអភិវឌ្ឍ ជាពិសេសបានចូលរួមចំណែកគាំទ្រកម្ពុជាក្នុងដំណើរចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) ហើយឯកឧត្តមសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ទោះបីសកលលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដូចជា បញ្ហាសណ្តាប់ធ្នាប់ពិភពលោក, ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរយ៉ាងមុតមាំក្នុងការលើកកម្ពស់សន្តិភាព, ភាពជាដៃគូ, និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនិយម។
ក្នុងនោះដែរ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់អំពីការចង់ឃើញការរៀបចំកម្មវិធីនានា ដែលត្រូវនឹងបរិបទនិងក្របខ័ណ្ឌកម្ពុជា ហើយមានភាពប្រទាក់ក្រឡានិងស្របជាមួយនឹងគោលនយោបាយនិងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានចែករំលែកអំពីយន្តការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាយន្តការផ្អែកលើភស្តុតាងនិងទិន្នន័យ នៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពនៃការអនុវត្ត ក៏ដូចជាផ្តល់អនុសាសន៍តម្រង់ទិសកែសម្រួលគោលនយោបាយ, យុទ្ធសាស្ត្រតាមវិស័យ និងយន្តការអនុវត្ត។
លោក Enrico Gaveglia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបលោកនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក Enrico Gaveglia ក៏បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅកម្ពុជា ហើយលោកបានបញ្ជាក់ពីចំណាប់អារម្មណ៍ និងកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
លោក Enrico Gaveglia បានលើកឡើងអំពីការបន្តវិនិយោគ និងផ្តល់តម្លៃបន្ថែមរបស់ UNDP ទៅក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ស្របតាមតម្រូវការនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការអភិវឌ្ឍនេះទៀតសោតមិនអាចកើតមានឡើង បើសិនជាគ្មានកិច្ចសហប្រតិបត្តិការដោយសន្តិភាពនៅក្នុងតំបន់នោះទេ។
បន្ថែមពីនេះ លោក Enrico Gaveglia បានវាយតម្លៃខ្ពស់ចំពោះក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកចាត់ទុកថាជាសំណាញ់មួយដែលផ្អែកលើទិន្នន័យ ក្នុងការចាប់យកលទ្ធផលនានាដែលក្រសួង ស្ថាប័ននីមួយៗសម្រេចបាន ហើយបង្កើតបានជារូបភាពច្បាស់លាស់មួយអំពីវឌ្ឍនភាពនៃគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោក Enrico Gaveglia បានបេ្តជ្ញាថា UNDP នឹងនៅតែបន្តយកចិត្តទុកដាក់លើការអនុវត្តតាមកម្មវិធីអភិវឌ្ឍន៍ប្រទេស (Country Programme Document) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោក Enrico Gaveglia ក៏បានពិភាក្សា លើប្រធានបទសំខាន់ៗ រួមមាន ក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់UNDP, កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូល្អ, យន្តការឆ្លើយតបនឹងបញ្ហាបរិស្ថាន, ការផ្តល់ហរិញ្ញប្បទាននិងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA), ការទាក់ទាញវិនិយោគិនមកកម្ពុជា, បញ្ញាសិប្បនិម្មិត (AI) និងសមត្ថភាពប្រើប្រាស់ក្នុងវិស័យអភិបាលកិច្ច, ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃលើប្រសិទ្ធភាពការងារ, និងបញ្ហាប្រឈមដទៃទៀតទាក់ទិននឹងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងទីស្តីការគណៈរដ្ឋមន្រ្តី និង UNDP ផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់ UNDP ក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន ជាពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យ UNDP បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕














