ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
គួរបញ្ជាក់ថា ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ មានចំនួន ៨ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើនឹង ៤៧ឃុំ និង ១៤១ភូមិ។
ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០គ្រួសារ នៅផ្ទះជាង ៣,០០០ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៦២គ្រួសារ។ ជាមួយគ្នានោះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ហិចតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា។
ជាមួយគ្នានោះដែរ បានធ្វើឲ្យបាក់ច្រើនទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ម៉ែត្រ ផងដែរ។
បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ សូមរៀបចំឯកសារឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញ ៕






