ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង នាឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី ដែលនឹងឈានមកដល់នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
យើងខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាវិញ្ញូជននៃជាតិកម្ពុជា និងជាបញ្ញវន្តដ៏ឆ្នើម ប្រកបដោយគុណវុឌ្ឍខ្ពស់ មានសមត្ថភាព ចំណេះដឹង និងទេពកោសល្យដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ទុកជាឧត្តមប្រយោជន៍ជាតិ ជាពិសេសការបន្តថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងឧត្តមភាពជាតិក្នុងឆាកអន្តរជាតិ។
ជំនួសមុខថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រ បុត្រធីតាជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ច និងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា» ៕