ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកោះកុង ដូចខាងក្រោម៖
ទី១៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវកម្រាលបេតុ ១ខ្សែ មានប្រវែងសរុប ២៦,១០គ.ម ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ១៦,៧១៥គ.ម ទទឹង ៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ៩,៣៨៥គ.ម ទទឹងមានប្រវែងចន្លោះពី ៨ម៉ែត្រ ទៅ ១០ម៉ែត្រ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ១១៧ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ខ្សែផ្លូវនេះ ចាប់ផ្តើមសាងសង់ពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៧៥% គ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន សរុបចំនួន ៨៩៥គ្រួសារ ស្មើនឹង ៣.៤២៧នាក់។ ជារួមខ្សែផ្លូវមួយខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់ទីប្រជុំជនស្រុកថ្មបាំងមកផ្លូវជាតិលេខ៤៨ និងឆ្ពោះទៅក្រុងខេមរភូមិ ដែលជាទីប្រជុំជនសំខាន់របស់ខេត្តកោះកុង។
ទី២៖ ស្រះទឹកសហគមន៍១កន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ដែលមានបណ្ដោយប្រវែង ៤០ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ មានសមត្ថភាពផ្ទុកទឹកបាន ៦.៣០០ ម៉ែត្រគូប។ ស្រះសហគមន៍នេះ ត្រូវបានសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២៤ បម្រើផលប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋានចំនួន ៥៨៤គ្រួសារ ស្មើនឹង ២.៧៤៧នាក់។
ផ្លូវ និងស្រះសហគមន៍នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងសរុបប្រវែង ២៧០គ.ម និងមានសំណង់សិល្បការ្យ ព្រមទាំងស្រះទឹកសហគមន៍ចំនួន ១១៨ស្រះ នៅក្នុងខេត្តគោលដៅចំនួន ៥ខេត្ត រួមមាន ខេត្តប៉ៃលិន កោះកុង កំពង់ឆ្នាំង ព្រៃវែង និងត្បូងឃ្មុំ។
សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឱ្យពន្លឿនការសាងសង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង ៕






























