កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ “ភូមិខ្ញុំ ផលិតផលខ្ញុំ” នៅបរិវេណតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង។ ពិធីអធិកអធមនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្ត, មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, យុវជន, សិស្សានុសិស្ស, ប្រជាពលរដ្ឋ និងអាជីវករ ដែលអញ្ជើញមកពីតាមបណ្តារាជធានី-ខេត្តទាំង២៥។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្ត បានធ្វើសុន្ទរកថាស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើអាជីវកម្មនានានៅក្នុងខេត្ត ដែលបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ បន្ទាប់មក លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានបញ្ជាក់ថាពិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការបំផុសនិងលើកទឹកចិត្តឱ្យបង្កើតជាមុខរបរ សហគ្រាសខ្នាតតូចនៅទីជនបទ ជួយស្វែងរកទីផ្សារសម្រាប់ដោះដូរផលិតផល និងបង្កើតបណ្តាញទំនាក់ទំនងរវាងផលិតករ សិប្បករ និងទីផ្សារផលិតផល។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានានៅទូទាំងខេត្តកំពង់ឆ្នាំងលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរជាវិជ្ជមាននូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង តាមរយៈកំណើនប្រាក់ចំណូលគ្រួសារ ដែលកើតចេញពីការធ្វើពិពិធកម្មសេដ្ឋកិច្ចទាំងនៅទីក្រុង និងជនបទ មានផ្លូវថ្នល់ខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យកាន់តែល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ ដើម្បីធានានិរន្តរភាពនៃប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ តាមរយៈការបណ្តុះគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍មូលធនមនុស្សឥតឈប់ឈរ ព្រមទាំងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានាផងដែរ។ ជាលទ្ធផលក្រសួង បានចូលរួមចំណែកក្នុងការបង្កើតមុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើតសកម្មភាពសេដ្ឋកិច្ចនានានៅតំបន់ជនបទ ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងជំរុញការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលមូលដ្ឋានចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្ដចូលរួមចំណែកក្នុងការងារពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផលិតឱ្យបានកាន់តែច្រើន និងប្រកបដោយគុណភាព សំដៅលើកកម្ពស់គុណតម្លៃផលិតផលជនបទ និងសូមចូលរួមគាំទ្រផលិតផលសហគមន៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាអតិបរមា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូនៃអង្គពិធី បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍ផលិតផលសហគមន៍ទាំង ៣២ស្តង់ ដែលមានផលិតផលជាច្រើនប្រភេទដូចជា សិប្បកម្មតម្បាញ, គ្រឿងអលង្ការ, ការកែច្នៃកសិផល, សាប៊ូ, ម្ហូបអាហារ, កុលភាជ, កសិផល, ភេសជ្ជៈចេញពីកសិផល និងប្រេងធញ្ញជាតិ។
គួរជម្រាបជូនផងដែរថា ការតាំងពិព័រណ៍ផលិតផលក្នុងសហគមន៍ជនបទនាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយអន្តសញ្ញាណនៃផលិតផល និងគាំទ្រស្នាដៃកូនខ្មែរ ដើម្បីជម្រុញការផលិតក្នុងស្រុកឱ្យកាន់តែសម្បូរបែប និងមានគុណភាព និងអាចប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ ដែលកម្មវិធីនេះរំពឹងមានអ្នកចូលរួមប្រមាណ ១០.០០០នាក់ ៕




























