ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមក្នុងការដោះស្រាយ ក្នុងនោះអភិក្រមទី១ គឺដោះស្រាយបញ្ហា ដែលកើតមានដោយរកវិធីកាត់បន្ថយផលប៉ះពាល់កន្លែងដែលកើតហេតុហើយ និងរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់ និងអភិក្រមទី២ គឺកន្លែងណាដែលកើតហេតុ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពនូវគ្រប់មធ្យោបាយនៅកន្លែងកើតហេតុនោះ។
ក្នុងឱកាសនោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន អ្វីដែលយើងមើលឃើញអាចវាស់បាន តែអ្វីដែលយើងមើលមិនឃើញមិនអាចវាស់បានទេ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានបញ្ជាក់ទៀតថា បងប្អូនអាចរំលឹកទៅវិញនៅថ្ងៃទី២៨ កក្កដា ពេលកម្ពុជា និងថៃបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី មនុស្សតិចណាស់ដែលជឿថា នឹងមានបទឈប់បាញ់នៅថ្ងៃនោះ ប៉ុន្ដែទីបំផុតយើងទទួលបានបទឈប់បាញ់មួយ ដូច្នេះសូមបងប្អូនជឿជាក់លើយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមរយៈយន្តការសន្ដិវិធី និងច្បាប់អន្តរជាតិ ៕












