ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម វង្សី វិស្សុត មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យវិសេសវិសាលប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាមាំមួន បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ និងចាកផុតពី រោគាព្យាធិនានា ជាអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនៃពិធីចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងកោតស្ញប់ស្ញែងអស់ពីដួងចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយថាមពល ភាពស្វាហាប់ ពោរពេញដោយសមត្ថភាព និងប្រជាប្រិយភាពខ្លាំងក្លា ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្រ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ យើងខ្ញុំពិតជាមានមោទនភាពបំផុតចំពោះសមិទ្ធផលដែល សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សម្រេចបានក្នុងរយៈពេលជាងពីរឆ្នាំ ចាប់តាំងពីការចេញដំណើរនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈ ការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការ គន្លឹះចំនួន៥ ព្រមទាំងគោលនយោបាយនិងយុទ្ធសាស្ត្រជាច្រើនផ្សេងទៀត ដែលបានបង្ហាញឱ្យឃើញយ៉ាងប្រត្យក្ស អំពីចក្ខុវិស័យដ៏វែងឆ្ងាយ សមត្ថភាពដ៏ប៉ិនប្រសប់ និងឆន្ទៈដ៏មុតមាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់ប្រជាជនពីគ្រប់មជ្ឈដ្ឋាន និងបន្តអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅសម្រេច បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
យើងខ្ញុំក៏សូមសម្តែងនូវការដឹងគុណចំពោះគុណូបការៈ និងចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី ចំពោះបញ្ហាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយការឈ្លានពានពីយោធាថៃ។ ចំណាត់ការទាំងនេះ បានបង្ហាញនូវគោលជំហរដ៏រឹងមាំអង់អាចរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹង ទឹកចិត្តស្នេហាជាតិមាតុភូមិនិងប្រជាពលរដ្ឋដ៏ធំធេង ដោយបានលះបង់អស់នូវកម្លាំងកាយចិត្ត និងពេលវេលា នៅជាប់ជានិច្ចជាមួយសមរភូមិមុខ ព្រមទាំងដឹកនាំការដាក់ចេញនូវយុទ្ធសាស្ត្រនិងយុទ្ធវិធីយោធា ប្រកបដោយភាពបត់បែន និងភាពមុតស្រួចយ៉ាងមានប្រសិទ្ធភាព ក្នុងការថែរក្សាសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាពិសេស ការពារបូរណភាពទឹកដីដែលបន្សល់ទុកដោយបុព្វបុរសខ្មែរជំនាន់មុន។ កិច្ចខិតខំប្រឹងប្រែងដោយឥតសំចៃយ៉ាងមុតមាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រហូតសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការអនុវត្តនូវបទឈប់បាញ់ដ៏ផុយស្រួយ ពិតជាបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងគ្រប់គ្រងបាននូវសភាពការណ៍ទាំងស្រុង ប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងភាពអត់ធ្មត់ខ្ពស់ ដែលកត្តា ទាំងនេះ បានផ្តល់នូវភាពកក់ក្តៅ ទំនុកចិត្ត និងមោទនភាព ជាពិសេសបានពង្រឹងនូវសេចក្តីសង្ឃឹមចំពោះអនាគត ដ៏រុងរឿង និងត្រចះត្រចង់របស់ប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ ប្រវត្តិសាស្ត្រនឹងចារឹកទុកនូវគុណូបការៈដ៏ធំធេងខាងលើរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រាប់ពាន់ឆ្នាំតទៅមុខ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ឫទ្ធិបារមីថែរក្សាប្រាង្គប្រាសាទអង្គរ ជាពិសេសទេវតាថែរក្សាឆ្នាំម្សាញ់ សប្តស័ក ព្រះនាម គោរាគទេវី សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ» ៕



