ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ នៅក្នុងខេត្តព្រៃវែង ដូចខាងក្រោម៖
ទី១៖ ផ្លូវកម្រាលបេតុង មានប្រវែង ១០,៤៣គ.ម ទទឹងខ្នងលើសរុប ៧ម៉ែត្រ ចាប់ផ្ដើមពីផ្លូវលេខ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នៅលើកំណាត់ខ្សែផ្លូវនេះ បានទទួលការខូចខាតដែលបណ្ដាលមកពីជំនន់ទឹកទន្លេមេគង្គកើនឡើង ដោយហូរបុក ធ្វើឱ្យបាក់ស្រុតជើងទេរផ្លូវប្រវែង ៦០០ម៉ែត្រ ត្រង់ចំណុចគីឡូម៉ែត្រ ១+៩០០ ដល់គីឡូម៉ែត្រ ២+៥០០។
ទី២៖ ផ្លូវកម្រាលបេតុង មានប្រវែង ៨,៩៦គ.ម ទទឹងខ្នងលើសរុប ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្រឡាញ់ធំ ទៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
ផ្លូវទាំងពីរខ្សែនេះ បានកសាងក្នុងឆ្នាំ២០២៤ ស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមហិរញ្ញប្បទានបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ដោយមានអ្នកទទួលផលដោយផ្ទាល់ពីខ្សែផ្លូវទាំងពីរខ្សែនេះ សរុបចំនួន ៣.៣៩៣គ្រួសារ ស្មើនឹង ១៤.៦១៥នាក់ និងអ្នកទទួលផលដោយប្រយោលសរុបចំនួន ៤.៨៤២គ្រួសារ ស្មើនឹង ២៩.៦៩៩នាក់។
ទី៣៖ ផ្លូវល្បាយគ្រួសមានប្រវែងសរុប ៥,២៥គ.ម តភ្ជាប់ភូមិព្រហ៊ូត ឃុំព្រៃស្រឡិត ទៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ផ្លូវនេះ ត្រូវបានលើកកម្រិតគុណភាពពីផ្លូវល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ជាពហុឆ្នាំ ដោយគិតត្រឹមឆ្នាំ២០២៥ បានសាងសង់សរុបប្រវែង ២,៦៥គ.ម ក្នុងនោះផ្លូវបេតុងមានប្រវែង ០,៦០គ.ម។ ដោយឡែកកំណាត់ផ្លូវល្បាយក្រួស ប្រវែង ២,៦០គ.ម ទៀតត្រូវបានដាក់បញ្ចូលទៅក្នុងផែនការឆ្នាំបន្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕

































