ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គឹម សុភា ដែលត្រូវជាបងប្រុសបង្កើតរបស់ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈ អចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលបានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យឥតឧបមា និងចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រកបដោយសេចក្តីសង្វេគជាទីបំផុត។
ឯកឧត្តមបណ្ឌិត បានចាត់ទុកមរណភាពរបស់ ឯកឧត្តម គឹម សុភា គឺជាការបាត់បង់ស្វាមី បងប្រុស និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតីចិញ្ចឹមបីចាប់ថែរក្សា អប់រំ ទូន្មានចំពោះកូនៗ ប្អូនៗ និងចៅៗ ឱ្យក្លាយជាថ្នាក់ដឹកនាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម គឹម សុភា បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ៕




















