ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធី បំពាក់ឋានន្តរសក្កិ ជូននាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីសម្រេច ស្ដីពីការតម្លើងឋានន្តរសក្កិជូននាយទាហាន ចំនួន ៣២រូប តាមសិទ្ធិសម្រេចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តាមសំណើរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពទ័ពជើងគោក។ 
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្ដិជូនយោធិនជានាយទាហានទាំងចំនួន ៣២ រូប ហើយនិងបានថ្លែងនូវការគោរព និងថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់សេចក្ដីទុកចិត្ត ក្នុងការសម្រេចដំឡើងឋានន្តរសក្កិ ជូនយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្របតាមរចនាសម្ព័ន្ធចាត់តាំង  និងផែនការកំណែទម្រង់របស់កងយោធពលពលខេមរភូមិន្ទ។ 
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនដែលត្រូវបានបំពាក់ឋានន្តរសក្ដិថ្មី ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ឱ្យសម្រេចបានតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រគល់ជូន ពិសេសត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងកាតព្វកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់យោធិនផ្សេងទៀត ដែលមិនទាន់បានទទួលឋានន្តរសក្តិថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចបន្ថែមទៀត ដើម្បីទទួលបានការផ្ដល់ទំនុកចិត្ត និងបំពាក់ឋានន្តរសក្តិតាមមុខតំណែងតួនាទីភារកិច្ច និងរបបកំណត់តាមឆ្នាំនៃការតម្លើងឋានន្តរសក្តិ តាមថ្នាក់នីមួយៗ ដែលមានចែងនៅក្នុងច្បាប់ស្ដីពីលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ៕










