ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) ចំនួន ២ទីតាំង នៅភូមិត្បែងខ្ពស់ និងភូមិវាលស្បូវ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំងពីរនេះ មានទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ កម្ពស់ ៤ម៉ែត្រ ដែលមានបន្ទប់សម្រាប់ គ.អ.ភ. បំពេញការងាររដ្ឋបាលរបស់ខ្លួនដោយមានភាពងាយស្រួល និងប្រសិទ្ធភាព។ ទីស្នាក់ការទាំងពីនេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី៤ ខែតុលា ហើយគ្រោងនឹងបញ្ចប់នៅដើមខែវិច្ឆិការ ឆ្នាំ២០២៥ ខាងមុខនេះ ដែលបច្ចុប្បន្នមានវឌ្ឍភាពសាងសង់ប្រមាណ ៦០%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់អ្នកម៉ៅការសាងសង់ ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមគំនូសប្លង់ដែលបានកំណត់ក្នុងកិច្ចសន្យាការងារ និងពន្លឿនការសាងសង់ឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។
គួរជម្រាបជូនផងដែថា ការសាងសង់ឱ្យមានទីស្នាក់ការសម្រាប់គណៈកម្មាធិកាអភិវឌ្ឍន៍ភូមិនាពេលនេះគឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ គ.អ.ភ បន្ថែមទៀតឱ្យមានទីតាំងបំពេញការងារជាក់លាក់ក្នុងការអនុវត្តសកម្មភាពអភិវឌ្ឍន៍ភូមិឱ្យក្លាយជាភូមិគំរូ និងរក្សាបានស្ថិរភាពនៃការអភិវឌ្ឍនៅក្នុងភូមិរបស់ខ្លួន ៕



















