ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះគឺដើម្បី ត្រួតពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននៅពេលកន្លងមក ព្រមទាំងលើកទិសដៅ និងបញ្ហាប្រឈមមួយចំនួន សំណូមពរផ្សេងៗ ដេីម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានឯកភាពទៅលើវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបាន និងបានកោតសរសើរ វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ដែលបានបំពេញនូវតួនាទីភារកិច្ចនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសេីរជូនដល់អង្គភាព និងថ្នាក់ដឹកនាំ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ ៕





















