កម្ពុជា និងអូស្ត្រាលី ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និងអូស្ត្រាលី ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត


ទីក្រុងគូឡាឡាំពួ៖
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចបវរធិបតី និងឯកឧត្តម Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ 

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត៦០០លានដុល្លារ ក្នុងឆ្នាំ២០២៤ និងបានអរគុណអូស្ត្រាលីដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមសំណើរបស់សម្តេចបវរធិបតី ពី ៥០កន្លែង ឡើងដល់ ៦២កន្លែង សម្រាប់ឆ្នាំ២០២៥។ 

សម្ដេចបវរធិបតីក៏បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat  របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១០-១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ 

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចបវរធិបតី ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ 

ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជាចំនួន ៣លើកកន្លងមក និងបានកត់សម្គាល់អំពីសក្កានុពលរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ផងដែរ។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកបញ្ហាទាំងនេះជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានស្វាគមន៍ការវិវត្តជាវិជ្ជមានចំពោះដំណោះស្រាយនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ និងបានវាយតម្លៃខ្ពស់អំពីភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ក្នុងដំណើរការរកដំណោះស្រាយនេះ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីថែមទៀត ៕







Previous Post Next Post