ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តម សួស យ៉ារ៉ា មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មង្គលសិរីប្រកបដោយក្តីសោមនស្សរីករាយ នៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ដែលនឹងឈានចូលមកដល់នាថ្ងៃច័ន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ និងភរិយា យើងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ សម្តេចធិបតី សូម សម្តេច ជួបនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងមានប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ។
សម្តេចមហាបវរធិបតី ជាថ្នាក់ដឹកនាំដែលមានសម្ថតភាព ឈ្លាសវៃ ស្វាហាប់ និងមានភក្ដីភាពបំផុត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ សម្តេចធិបតី បានបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងតួនាទីជា នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបង្ហាញអោយឃើញយ៉ាងប្រត្យក្សនូវការប្តេជ្ញាជម្នះរាល់ឧបសគ្គគ្រប់ បែបយ៉ាង ដើម្បីការពារសន្តិភាព អធិបតេយ្យភាព និងស្ថិរភាពនយោបាយ ជាក់ស្តែងក្នុងគ្រាដែលកម្ពុជាជួបការលំបាក ពិសេសតំបន់ព្រំដែន ដែលរងការរំលោភឈ្លានពានពីក្រុមទាហាន និងអ្នកនយោបាយថៃមួយចំនួន សម្តេច បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រិះរកគ្រប់ដំណោះស្រាយជាមួយថ្នាក់ដឹកនាំជាតិ និងអន្តជាតិ រហូតទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តដឹកនាំធ្វើអោយស្ថានការណ៍ត្រឡប់ទៅរកប្រក្រតីភាព ដើម្បី សុខសុវត្ថិភាពប្រជាជន និងសន្តិភាពក្នុងតំបន់ ក្រោមស្មារតីសាមគ្គីជាតិជាធ្លុងមួយ និងបន្តអភិវឌ្ឍទេសកម្ពុជា អោយ រីកចម្រើន កេរ្តិ៍ឈ្មោះថ្កើងថ្កាន ស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើសកលលោក។
នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សាការពារ និងប្រទានពរជ័យសិរីសួស្តីគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមសមប្រកបទៅនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ» ៕


