រដ្ឋមន្រ្តីបរិស្ថាន៖ ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីបរិស្ថាន៖ ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់


ភ្នំពេញ៖
ក្នុងឱកាសអញ្ជើញជាអធិបតីបិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំ២០២៦  រោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថាន នឹងធ្វើការសហការជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការច្បាប់ ប្រសិនបើក្រុមហ៊ុនណាល្មើសគុណភាពខ្យល់ ឬធ្វើឱ្យខ្យល់របស់យើងមិនស្អាត។ 
 
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា អង្គការសហប្រជាជាតិ បានរកឃើញមូលហេតុចម្បងៗ នៃវិស័យចំនួន៦ រួមមាន វិស័យថាមពល វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងមានការកើនឡើងកម្តៅផែនដី។ 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្ពុជាបានចូលរួមឆ្លើយតបបញ្ហាការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលមានសសរស្តម្ភ ចំនួន៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានគ្របដណ្តប់លើវិស័យចំនួន ៥ ខាងលើដែលបង្កឱ្យមាន ឧស្ម័នផ្ទះកញ្ចក់ លើកលែងតែវិស័យព្រៃឈើ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានប្តេជ្ញាដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុលើវិស័យទាំងអស់នេះ ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងរៀបចំ កោះស្រឡៅ នៅក្នុងខេត្តតកោះកុង ជាកោះអាព្យាក្រឹតកាបូន។ ក្រសួងបរិស្ថាន នឹងផ្តល់ជូនប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់អំពូលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងរៀបចំដាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ការរៀបចំហេដ្ឋារចនាសម្ព័នគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ ដាំស្តារព្រៃកោងកាងជាពិសេស។ 

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការ របស់ក្រសួងបរិស្ថាន ដែលបានអនុវត្តកន្លងមក និងរួមគ្នា "យកជំហានឆ្លាតវៃ រួបរួមគ្នា" (take smart, united steps) ឆ្ពោះទៅរកខ្យល់ស្អាត និងការគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយចីរភាព។
«ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គមកម្ពុជា អាចធ្វើឱ្យផ្ទៃមេឃពណ៌ខៀវ និង ប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ វាក្លាយជាការពិត មិនមែនត្រឹមតែជាចក្ខុវិស័យ។» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៣១៦ បានចែងស្តីពីការទទួលខុសត្រូវរបស់ម្ចាស់និងប្រតិបត្តិករ ចំពោះការបញ្ចេញសាធាតុនៃការបំពុលខ្យល់ ៕














Previous Post Next Post