ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ ខណៈអាកាសយានដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា។
ការថ្លែងបែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។
សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ផ្លូវអាកាសជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាញ់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះអាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោក។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ខណៈទៅថ្ងៃអនាគតកម្ពុជានឹងទទួលបានជើងហោះហើរត្រង់ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីនាពេលនេះ ៕















