ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ កោះកុង ជាខេត្តដែលមានរថយន្តដឹកជញ្ជូនកម្មករនិយោជិត មានលក្ខណៈបច្ចេកទេសល្អ មានផាសុកភាព និងសុវត្ថិភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ កោះកុង ជាខេត្តដែលមានរថយន្តដឹកជញ្ជូនកម្មករនិយោជិត មានលក្ខណៈបច្ចេកទេសល្អ មានផាសុកភាព និងសុវត្ថិភាព


ភ្នំពេញ៖
កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាសហធិបតីក្នុងពីធីបើកកម្មវិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ KKN APPAREL CO., LTD ដែលមានអ្នកចូលរួមប្រមាណជាង ៤៥០នាក់។

ថ្លែងបើកពិធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានឱ្យដឹងថា ខេត្តកោះកុង ជាខេត្តមួយដែលមានរថយន្តដឹកជញ្ជូនកម្មករនិយោជិត មានលក្ខណៈបច្ចេកទេសល្អ មានផាសុកភាព និងសុវត្ថិភាព ដែលអាចចាត់ទុកជាខេត្តគំរូ ក្នុងការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព យ៉ាងយូរត្រឹមឆ្នាំ២០២៧ ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក៏ដូចជារក្សាបាននូវប្រាក់ចំណូល លើកកម្ពស់សុខុមាលភាព សុវត្ថិភាពការងារ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។

ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានបន្ថែមថា បើទោះបីជាក្នុងខេត្តនេះ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្ដដឹកជញ្ជូនកម្មករនិយោជិតពុំសូវកើតមានក៏ពិតមែន ប៉ុន្ដែការចុះអប់រំផ្សព្វផ្សាយនៅតែជាយន្ដការអនុវត្តជាប្រចាំ របស់ក្រុមការងារ ស.ផ.ក ដើម្បីរួមចំណែកក្នុងការបញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ និងទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់នៅលើដងផ្លូវ។

មានប្រសាសន៍ក្នុងពិធីនេះផងដែរ ឯកឧត្តម ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមគ្រប់រូបភាព ហើយជាពិសេសម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ក្នុងទឹកដីនៃខេត្តកោះកុង ត្រូវចូលរួមជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស របស់ខ្លួន ឱ្យចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ហើយអ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករនិយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នក ៕


























Previous Post Next Post