ភ្នំពេញ៖ នាថ្ងៃអង្គារ ទី៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យគុណភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងខេត្តបាត់ដំបង ដូចខាងក្រោម៖
-ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដំបូកខ្ពស់ ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ៣.៣១០គ្រួសារ ស្មើនឹង ១៥.៨៣២នាក់ និងដោយប្រយោលចំនួន ១៧.០៨២គ្រួសារ ស្មើនឹង ៧៩.៥១២នាក់។
-ខ្សែផ្លូវទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ១.៥៦៩គ្រួសារ ស្មើនឹង ៨.៤១១នាក់ និងដោយប្រយោលចំនួន ៤.៣៥០គ្រួសារ ស្មើនឹង ២៣.១៥៨នាក់។
ខ្សែផ្លូវទាំងពីរខ្សែនេះ ត្រូវបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥នេះ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF) ដែលមានប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីខ្សែផ្លូវទាំងពីរនេះដោយផ្ទាល់ចំនួន ៤.៨៧៩គ្រួសារ ស្មើនឹង ២៤.២៤២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២១.៤៣២គ្រួសារ ស្មើនឹង ១០២.៦៧០នាក់។
-ខ្សែផ្លូវទី៣៖ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតក្នុងគម្រោងថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានប្រវែង ១១,៦០គីឡូម៉ែត្រ តភ្ជាប់ពីភូមិថ្មី ឃុំកំពង់ព្រៀងទៅដល់ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ។ ក្នុងឱកាសនៃការចុះពិនិត្យខ្សែផ្លូវនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យមន្ដ្រីបច្ចេកទេសធ្វើការជួសជុលបន្ទាន់ស្ពានមួយកន្លែងដែលទទួលរងការខូចខាតដោយសារការដឹកលើសទម្ងន់ បណ្ដាលឱ្យផុងកម្រាល ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើ។
-ខ្សែផ្លូវទី៤៖ ជាផ្លូវល្បាយក្រួសមានប្រវែង ១៦,១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិមុខវត្ត ឃុំគាស់ក្រឡ ទៅដល់ភូមិទួលវែង ឃុំដូនបា ស្រុកគាស់ក្រឡ ដែលបានសាងសង់ក្នុងឆ្នាំ២០២០។ ផ្លូវនេះ កំពុងស្ថិតក្នុងដំណាក់កាលការរចនាគ្រោងប្លង់លម្អិត ក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលខាងមុខនេះ។
-ខ្សែផ្លូវទី៥៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ២២គីឡូម៉ែត្រ ភ្ជាប់ពីភូមិបឹងបី ឃុំមោង ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីខែតុលា ឆ្នាំ២០២៤ ដែលមានវឌ្ឍនៈភាពសាងសង់ ៧០,២៩% ហើយនឹងត្រូវបញ្ចប់ក្នុខែមេសា ឆ្នាំ២០២៦។ ខ្សែផ្លូវនេះ មានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ១៨.២២៨គ្រួសារ ស្មើនឹង ៨៦.២៣០នាក់ និងដោយប្រយោលចំនួន ៩.១១៤គ្រួសារ ស្មើនឹង ៤៣.១១៥នាក់។
ក្នុងឱកាសចុះពិនិត្យគុណភាពផ្លូវនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសឱ្យយកចិត្តទុកដាក់ក្នុងការសាងសង់ផ្លូវ ដោយគិតគូអំពីការការពារសុវត្ថិភាពកម្រិតខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និងជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។
គួរជម្រាបជូនផងដែរថា ខ្សែផ្លូវទាំង៥ខ្សែខាងលើនេះគឺជាខ្សែផ្លូវដែលផ្តល់អត្ថប្រយោជន៍បំរើដល់វិស័យសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង ពិសេសប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់តែម្តង ៕
















