ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួង និងប្រធានគណៈកម្មាធិការគណបក្សសាខា សរុបចំនួន ៧៩រូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាន វិសាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានអានសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ និងការអានឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួននៃសភាពការណ៍ខែកញ្ញានិងទិសដៅការងារឃោសនាអប់រំខែតុលា ឆ្នាំ២០២៥ ដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។
តាមរយៈរបាយការណ៍ការងារ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស នៅមូលដ្ឋានយ៉ាងសកម្ម ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានបញ្ជាក់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ឱ្យយកទិសដៅការងារដែលអង្គប្រជុំបានដាក់ចេញទៅអនុវត្តឱ្យសម្រេចបានជោគជ័យ ដោយឈរលើគោលបំណង និងឧត្តមគតិរបស់គណបក្ស គឺឈរខាងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ពោលគឺស្របតាមបាវចនារបស់គណបក្សគឺ ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ជូនដល់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សទាំងអស់ ឱ្យបន្ដអនុវត្តភារកិច្ចដែលគណបក្សប្រគល់ជូនឱ្យសកម្ម រួមមាន៖ ការបន្ដយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាការងាររបស់ពលករនៅក្នុងមូលដ្ឋានដែលវិលត្រឡប់ពីប្រទេសថៃ, ការចូលរួមក្នុងកំណែទម្រង់នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការប្រឆាំង និងបន្សាបលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈបដិឃោសនាវាយបកសង្គ្រាមចិត្តសាស្ត្រ ព្រមទាំងខិតខំធ្វើការផ្សព្វផ្សាយនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បានណែនាំដល់សមាជិក សមាជិកានៃអង្គប្រជុំត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ ៕




























