កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត


ទីក្រុងគូឡាឡាំពួ៖
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតីថា កម្ពុជាជាមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីបំណងរបស់រុស្ស៊ី ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច វត្ថុធាតុដើមសម្រាប់ វាយនភណ្ឌ ការផលិតវ៉ាក់សាំង កសិកម្ម សន្តិសុខថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីមិត្តភាពយូរអង្វែង និងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី។ 

សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជា នឹងធ្វើការជាមួយរុស្ស៊ី ក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា នាពេលកន្លងមក។ 

សម្ដេចបវរធិបតីបានស្វាមគន៍ចំណាប់អារម្មណ៍ និងបំណងរបស់ភាគីរុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗខាងលើ និងបានលើកទឹកចិត្តភាគីរុស្ស៊ី ឱ្យបញ្ជូនគណៈប្រតិភូជំនាញពីវិស័យពាក់ព័ន្ធមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននានា ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា ដើម្បីឱ្យចេញជាលទ្ធផលជាក់ស្តែង ៕







Previous Post Next Post