ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ នព្វមាសរយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលប្រារព្ធនៅសាលាស្រុកពោធិ៍រៀង។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្ដម-លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំ, ប្រធាននិងសមាជិកក្រុមប្រឹក្សារស្រុក, គណៈអភិបាលស្រុកនិងនាយករដ្ឋបាល, ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, ប្រធាននារីឃុំ, នាយប៉ុស្តិ៍រដ្ឋបាល និងមណ្ឌលសុខភាព,ស្មៀនឃុំ និងជំនួយការដ្ឋបាល,មន្រ្តីរដ្ឋបាលស្រុក ប្រធានភូមិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែល។
ជាកិច្ចចាប់ផ្ដើម លោក យស ស៊ីណាត អភិបាលស្រុក ឡើងអានរបាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥យ៉ាងលំអិតជូនគណៈធបតី និងអង្គពិធីជ្រាប។
បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្ដម សុខ វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន និងសម្ធិផលនានាគ្រប់វិស័យរបស់ស្រុកនាពេលកន្លងមក។
ឯកឧត្ដមបានថ្លែងថា ដោយមានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននឹងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ត្រូវបន្តរៀបចំវេទិកាសាធារណៈ ដើម្បីជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្តាប់ពីកង្វល់ និងសំណូមពររបស់គាត់។ ការជួបទាំងនេះ ក៏ជាឱកាសផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងជាឱកាសពន្យល់បកស្រាយ និងផ្តល់ព័ត៌មានដែលចាំបាច់ និងមានអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនូវស្ថានភាពនៃការវិវត្តរបស់សង្គម រួមទាំងប្រធានបទផ្សេងៗ ដូចជាការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មាន និងការវាយតម្លៃព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ឬព័ត៌មានញុះញង់ជាដើម ជៀសវាងការនាំមកនូវការភ័ន្តច្រឡំ ការបោកបញ្ឆោត ឬការបង្កនូវភាពវឹកវរនានា។
បន្ថែមពីនេះ ឯកឧត្ដមបានបញ្ជាក់ថា ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាតាមមូលដ្ឋាននីមួយៗជាមួយស្ថានភាព និងការប្រឈមនានាចំពោះមុខដូចជាគ្រោះមហន្តរាយ គ្រោះទឹកជំនន់ កត្តាសន្តិសុខសង្គម និងភូមិឃុំមានសុវត្ថិភាពជាដើម។ ទន្ទឹមនេះ សូមក្រុមការងារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ លើស្ថានភាពនៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរពីប្រទេសថៃ ហើយបន្តស្វែងរកការងារ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានល្អប្រសើរ។
ឯកឧត្តមក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តខិតខំ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ស្របតាមមនសិកាវិជ្ជាជីវៈ ដោយខិតខំបង្រៀនក្មួយៗ សិស្សានុសិស្ស ឱ្យអស់ពីសមត្ថភាព ដោយផ្ទេរចំណេះដឹងដែលមាន និងឥរិយាបទល្អៗ ជាគំរូដល់ក្មួយៗ ជាយុវជនស្រករក្រោយក្នុងយុគសម័យឌីជីថលនេះឱ្យមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើឥរិយាបទល្អប្រសើរ មានសីលធម៌ និងចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា។
ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្ដមបានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់លើទីតាំងបរិវេនសាលាស្រុកពោធិ៍រៀង និងការរិយាល័យច្រកចេញ-ចូលតែមួយផងដែរ ៕


































